លោក វិល្លាម ហ្គ័ង ៖ ភាពមិនប្រក្រតីក្នុងនីតិវិធីប្រលងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១០ គឺមានឯកសារគតិយុត្តិ ជាភស្តុតាងស្រាប់
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានស្រាវជ្រាវឃេីញភាពមិនប្រក្រតីក្នុងដំណេីរការនីតិវិធីប្រលងចូលជាសិស្សចៅក្រម ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាកា និងមានការចូលរួមសង្កេតការដោយអង្គភាពប្រឆាំងអំពេីពុករលួយ ផងដែរនោះ បើទោះបីជាអង្គភាពប្រឆាំងអំពើពុករលួយ បានចេញមកបកស្រាយបញ្ហានេះ ជាសាធារណៈ យ៉ាងណាក្ដី ។
ក្រោយមានការវរិះគន់ ក៏ដូចជាការជជែកវែកញែកជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីការប្រកាសលទ្ធផល នៃការប្រឡងជ្រើសរើសសិស្សចៅក្រម (ជំនាន់ទី១០) នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយក្នុងនោះមានបេក្ខនារីម្នាក់បានជាប់ជាស្ថាពរ ប៉ុន្តែជាចម្ងល់ ថា នាងកើតក្នុងឆ្នាំ១៩៩៩ បើគិតទៅមានអាយុប្រហែល ២០ឆ្នាំ ប៉ុណ្ណោះ ដែលធ្វើអោយមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ។
ជុំវិញបញ្ហា នៃការងឿនឆ្ងល់នេះ នៅថ្ងៃទី ២០ ខែ ធ្នូ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួមសង្កេតការណ៍ ក្នុងការប្រលងជ្រើសរើសសិស្សចៅក្រម នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានធ្វើការបកស្រាយជាសាធារណៈថា បេក្ខនារីឈ្មោះ សយ យូសុមនា កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ បានប្រឡងជាប់ជ្រើសរើសជាសិស្សចៅក្រម (ជំនាន់ទី១០) ដែលនេះមិនមែនជាការប្រឡងប្រជែងចូលធ្វើជាចៅក្រោមភ្លាមនោះទេ ដោយ ACU បញ្ជាក់ថា នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម (ជំនាន់ទី១០) ចំនួន៥០រូប ដើម្បីចូលរៀនថ្នាក់ធ្វើជាចៅក្រម ប៉ុណ្ណោះ ហើយទាល់តែប្រឡងចេញធ្វើជាចៅក្រមបានជាប់ទៀត ទើបអាចចេញធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង ២៣-២៤ វិច្ឆិកា ២០១៩ នេះជាប់ហើយចេញធ្វើជាចៅក្រមភ្លាមនោះទេ ។
សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់បន្ថែមថា ការប្រឡងជ្រើសរើសសិស្សចៅក្រម (ជំនាន់ទី១០) ក៏បានគោរពទៅតាមលក្ខខណ្ឌដែលបានកំណត់ ផងដែរ ក្នុងនោះមាន ៖ ១).មានសញ្ជាតិខ្មែរពីកំណើត ២).អាយុ ៣៥ឆ្នាំយ៉ាងច្រើន (មិនមែនអាយុ៣៥ឆ្នាំទើបអោយចូលប្រឡងបានទេ) ចំពោះបេក្ខជនជានិស្សិត ៣).ត្រូវមានសញ្ញាបត្របរិញ្ញាបត្រច្បាប់ឡើងទៅ ៤). លិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌ ៥).លិខិតបញ្ជាក់សុខភាពចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម ដោយឃើញថា ឈ្មោះក្នុងបញ្ជីដែលអនុញ្ញាតអោយចូលប្រឡងប្រជែងជ្រើសរើស សិស្សចៅក្រម ជំនាន់ទី១០ ដែលបេក្ខនារី សយ យូសុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់ ។
ជាមួយគ្នានោះ អង្គភាពប្រឆាំងអំពោះពុករលួយ បានគូសបញ្ជាក់ថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការជ្រើសរើសសិស្សចៅក្រម ជំនាន់ទី ១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ និងលក្ខខណ្ឌផ្សេងៗទៀតដែលច្បាប់បានកំណត់ ផងដែរ ។
ទាក់ទិននឹងការបកស្រាយរបស់អង្គភាពប្រឆាំងអំពើពុករលួយ នេះដែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក ក៏បានបង្ហាញដែរថា លោកបានស្រាវជ្រាវឃេីញភាពមិនប្រក្រតីមួយចំនួន ក្នុងដំណេីរការនីតិវិធីប្រលងចូលជាសិស្សចៅក្រម ដែលរៀបចំដោយក្រសួងយុត្តិធម៌ និងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដោយមានការចូលរួមសង្កេតការណ៍ដោយអង្គភាពប្រឆាំងអំពេីពុករលួយ ផងដែរ បើទោះបីជា អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា អង្គភាព នឹងក្រសួងពាក់ព័ន្ធបានបំពេញការងារនេះបានត្រឹមត្រូវ យ៉ាងណាក្ដី ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រូបនេះ បានអោយដឹងថា ចំណុចនៃភាពមិនប្រក្រតី ក្នុងដំណេីរការនីតិវិធីប្រលងចូលជាសិស្សចៅក្រមនេះ រួមមាន ៖ ១. ពាក្យសុំចូលប្រជែងសិស្សចៅក្រមជំនាន់ទី១០ បានបញ្ជាក់ពីការភ្ជាប់ បរិញ្ញាប័ត្រច្បាប់ ដែលចុះហត្ថលេខា នៅថ្ងៃទី ២៦ខែ កុម្ភៈ ឆ្នាំ ២០១៩ តែការពិត បេក្ខនារី សយ យូសុមនា ទេីបបានប្រលងនៅសម័យប្រលងបរិញ្ញាប័ត្រនៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៩ នេះទេ ដូច្នេះ កាលដាក់ពាក្យសុំចូលប្រជែងសិស្សចៅក្រម តេីបេក្ខនារីរូបនេះ បានបរិញ្ញាប័ត្រពីណាទៅភ្ជាប់ជាមួយពាក្យសុំ ? (ឬមានការជ្រោមជ្រែងណាមួយដែរ ? នេះបើយោងតាម ប្រភពឯកសារ គេហទំព័រហ្វេសប៊ុករបស់ ACU) ។
លោក វឌ្ឍនាសាប៊ុង បានសង្កត់ធ្ងន់ថា ចំពោះភាពមិនប្រក្រតីក្នុងនីតិវីធីដាក់ពាក្យសុំចូលប្រឡងប្រជែងសិស្សចៅក្រមនេះ គឺមានឯកសារគតិយុត្តិ ជាភស្តុតាងស្រាប់ ។
ក្នុងនោះដែរ លោកក៏បានសំដែងការសោកស្ដាយចំពោះអង្គភាពប្រឆាំងអំពេីពុករលួយ ដែលមិនបានពិនិត្យគ្រប់ជ្រុងជ្រោយចំពោះបញ្ហានេះ នឹងចេញសេចក្ដីប្រកាសព័ត៌មានដោយខ្វះចន្លោះបែបនេះ ដោយលោក សង្ឃឹមថា នឹងមានការពិនិត្យជាថ្មីចំពោះករណីនេះ ព្រោះពលរដ្ឋកម្ពុជាកំពុងទទូចសុំអោយកែទម្រង់ប្រព័ន្ធយុត្តិធម៌ តែបេីគ្រាន់តែនីតិវិធីសុំប្រឡងប្រជែងសិស្សចៅក្រមមាននីតិវិធីបន្លប់ បន្លំយ៉ាងនេះ តេីចៅក្រម កន្លងមកដែលបានចេញធ្វេីការ ពលរដ្ឋអាចទុកចិត្តបានឬទេ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!