អ្នកឃ្លាំមើលបញ្ហាវិវាទដីធ្លី អះអាងថា វិធានការនៃការទប់ស្កាត់ការចាក់ដីរំលោភយកសមុទ្រ ហាក់មិនទាន់មានប្រសិទ្ធភាព នៅឡើយនោះទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាអោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងអភិបាលខេត្តកោះកុង ចុះពិនិត្យជាក់ស្ដែងលើករណីនៃការចាក់ដីលុបសមុទ្រពីសំណាក់មន្ត្រីយោធាពាក់ផ្កាយពីរ ម្នាក់ នៅខេត្តកោះកុង ខណៈអ្នកឃ្លាំងមើលបញ្ហាវិវាទដីធ្លី អះអាងថា វិធានការនៃការទប់ស្កាត់ការចាក់ដីរំលោភយកសមុទ្រ ហាក់មិនទាន់មានប្រសិទ្ធភាព នៅឡើយនោះទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក បានលើកឡើងថា ករណីនៃការចាក់ដីលុបឆ្នេរសមុទ្រ នៅតែកើតមានឡើងជាបន្តបន្ទាប់ បើទោះបីជារាជរដ្ឋាភិបាល បានចេញលិខិតមោគ្គភាពលើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីនៅតំបន់ឆ្នេរសមុទ្រ និងតំបន់ព្រៃកោងកាង កាលពីឆ្នាំ ២០១៧ យ៉ាងណាក្ដី ។
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ដែរថា ករណីនៃការចាក់ដីលុបឆ្នេរសមុទ្រ គឺជាបទល្មើសឧក្រិដ្ឋ ដែលត្រូវធ្វើចាប់ខ្លួនជនប្រព្រឹត្តល្មើសទាំងអស់ យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ជាធរមាន ផងដែរ ។
តែយ៉ាងណា មន្ត្រីអង្គការអាដហុករូបនេះ ក៏បានសាទរចំពោះការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ក្នុងការបញ្ជាអោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី រួមទាំងអាជ្ញាធរខេត្ត ចុះពិនិត្យលើករណីចាប់ដីលុបសមុទ្រនេះ ដើម្បីជាការធានាការពារឆ្នេរសមុទ្រកម្ពុជា ពីការរំលោភយកពីសំណាក់ជនខិលខូចមួយចំនួន ផងដែរ ។
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ បានគូសបញ្ជាក់ថា វិធានការរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ករណីនៃការចាក់ដីរំលោភយកសមុទ្រ ក៍ដូចជាការរំលោភយកដីព្រៃកោងកាង ហាក់មិនទាន់មានប្រសិទ្ធភាព នៅឡើយនោះទេ ដោយករណីទាំងនេះ នៅតែកើតឡើងយ៉ាងអណាធិបតេយ្យ ដែលមិនមានការចាត់វិធានការ និងការបង្រ្កាប នោះឡើយ ។
ដោយឡែក លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី និងអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅថ្ងៃនេះ វិទ្យុសំឡេងយុវជន នៅអាចសុំការបកស្រាយ បាននោះទេ ដោយពួកលោកកំពុងជាប់រវល់ ។
សួមជម្រាបថា ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពត នាល្ងាចថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ ចំពោះមន្ត្រីយោធាម្នាក់ ដែលមានបានធ្វើសកម្មភាពចាក់លុបឆ្នេរ នៅក្នុងខេត្តកោះកុង ដោយលោកនាយករដ្ឋមន្ត្រី ចាត់ទុកថា ទង្វើរបស់មន្ត្រីយោធារូបនេះ ហាក់ដូចជាការបង្កើតរដ្ឋ ក្នុងរដ្ឋ ដែលមិនត្រូវអោយកើតមានឡើងនោះឡើយ ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាអោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រីអភិបាលខេត្តកោះកុង ចុះទៅពិនិត្យជាក់ស្ដែងលើករណីនេះ ផងដែរ ដោយលោកបញ្ជាក់ថា ប្រសិនបើការចាក់លុបឆ្នេរមានពិតមែននោះ លោកនឹងដកតួនាទីមន្ត្រីយោធារូបនោះ តែម្ដង ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពី លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី ១៥ ខែ ធ្នូ កន្លងទៅ បានចុះពិនិត្យដោយផ្ទាល់ចំពោះករណីនៃការចាក់ដីលុបឆ្នេរនៅខេត្តកោះកុងនេះ ដោយលោកបានពិនិត្យឃើញថា មានមន្ត្រីយោធាពាក់ផ្កាយពីរ ម្នាក់ឈ្មោះ ទុន ដៀត បានចាក់ដីទនន្ទ្រានយកដែនសមុទ្រនៅភូមិសាស្ត្រ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានបោះបង្គោលធ្វើជាតម្រុយក្នុងការចាក់ដីយកដែនសមុទ្រនេះ ។
ករណីនៃការចាក់ដីលុបរំលោភយកសមុទ្រកម្ពុជា នេះ មិនមែនមានត្រឹមតែប៉ុន្មានករណី នេះទេ កន្លងមកក៏ធ្លាប់មានការចាក់ដីចូលឆ្នេរសមុទ្រ ជាច្រើនកន្លែង នៅតាមខេត្តនៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា ផងដែរ ជាក់ស្ដែង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងក្រុមការងារ ក៏ធ្លាប់បានចុះទៅពិនិត្យដោយផ្ទាល់លើករណីបោះបង្គោលព្រំក្នុងសមុទ្រ ស្ថិតនៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ផងដែរ ដោយ ព្រៃកោងកែងត្រូវកាប់បំផ្លាញ ហើយត្រូវគេចាក់ដីលុបអស់ទំហំប្រមាណ ២០ ហិចតា ទៅហើយ ដោយមួយផ្នែកទៀត ជាតម្រុយបង្គោលព្រំ ផងដែរ ។
គូសបញ្ជាក់ដែរថា តាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី ៥ អំពីសេដ្ឋកិច្ច ត្រង់មាត្រា ៥៨ បានចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋ មានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក បឹង ធនធានធម្មជាតិ ជាដើម ។ ដោយរដ្ឋធម្មនុញ្ញ បានបញ្ជាក់ថា ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!