នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងរៀបចំសន្និបាតបូកសរុបការងារ ក្នុងរយៈ១៦ ខែដំបូង និងលើកទិសដៅការងារ ឆ្នាំ ២០២០
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងរៀបចំសន្និបាតបូកសរុបការងារ ក្នុងរយៈ១៦ ខែដំបូង និងលើកទិសដៅការងារ ឆ្នាំ ២០២០ នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោមវត្តមានចូលរួមពិធីបើកសន្និបាតដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងពិធីបិទសន្និបាតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា សន្និបាតនេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ រយៈពេលពេញមួយថ្ងៃ ដោយគោលបំណងនៃសន្និបាតនេះ ផងដែរ គឺដើម្បីធ្វើការវាយតម្លៃការងារក្នុងរយៈ ១៦ ខែដំបូង ក្រោយការបង្កើត និងដំណើរនូវយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ កាលពីខែ កញ្ញា ឆ្នា ២០១៨ កន្លងទៅ និងដើម្បីជាការលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏ដូចជាទិសដៅការងារបន្តរបស់ប្រតិភូគណបក្សនីមួយៗ នៃក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងដែរ ។
ជាមួយគ្នានោះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ក៏នឹងអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបការងារនេះ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទ នាពេលរសៀល ថ្ងៃដដែល នោះផងដែរ ។
សូមបញ្ជាក់ដែរថា ក្រោយបិទបញ្ចប់សន្និបាត បូកសរុបការងារ ក្នុងរយៈ១៦ ខែដំបូង និងលើកទិសដៅការងារ ឆ្នាំ ២០២០ នេះ លោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងធ្វើសន្និសីទកាសែត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!