លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ មន្រ្តីទាំងអស់ កុំអោយយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកដល់មន្រ្តីទាំងអស់ កុំអោយយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួនដូចជាការលុបដីសមុទ្រនៅខេត្តកោះកុង យកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាដើម។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅកោះពេជ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកដល់មន្រ្តីគណបក្សប្រជាជន ជាពិសេសមន្រ្តីដែលមានតួនាទីដែលកំពុងបម្រើរាជរដ្ឋាភិបាលត្រូវបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយទទួលបាននូវសេវាសាធារណៈ ដោយក្នុងនោះ គឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួលយកនូវសំណូមពរនានាពី ប្រជាពលរដ្ឋដើម្បីបង្កើននូវជំនឿ និងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ។
ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានរំលឹកផងដែរ ដល់មន្រ្តី គឺហាមដាច់ខាតកុំយកតួនាទីទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋធ្វើជារបស់ខ្លួន ដូចជាករណីនៃការលុបដីសមុទ្រ នៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាដើម។
គួររំលឹកដែរថា បន្ទាប់ទទួលបានព័ត៌មានថា មានករណីចាក់ដីលុបសមុទ្រនៅខេត្តកោះកុង ដែលគេដឹងថា មានមន្ត្រីយោធាពាក់ផ្កាយពីរ ម្នាក់ ឈ្មោះ ទុន ដៀត នៅពីក្រោយខ្នងនៃការចាក់ដីលុបសមុទ្រនេះ ផងដែរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានធ្ងន់ៗ ចំពោះមន្ត្រីយោធារូបនោះ ដែលមានបានធ្វើសកម្មភាពចាក់លុបឆ្នេរ នៅក្នុងខេត្តកោះកុង ដោយលោកនាយករដ្ឋមន្ត្រី ចាត់ទុកថា ទង្វើរបស់មន្ត្រីយោធារូបនេះ ហាក់ដូចជាការបង្កើតរដ្ឋ ក្នុងរដ្ឋ ដែលមិនត្រូវអោយកើតមានឡើងនោះឡើយ ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាអោយលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រីអភិបាលខេត្តកោះកុង ចុះទៅពិនិត្យជាក់ស្ដែងលើករណីនេះ ផងដែរ ដោយលោកបញ្ជាក់ថា ប្រសិនបើការចាក់លុបឆ្នេរមានពិតមែននោះ លោកនឹងដកតួនាទីមន្ត្រីយោធារូបនោះ តែម្ដង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!