រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ភ្ញៀវ និងពលរដ្ឋ ៩០ម៉ឺននាក់ បានចូលកម្សាន្តនាអំឡុងពិធីបុណ្យសមុទ្រនៅខេត្តកំពត
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ថ្ងៃទី១ នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបបីថ្ងៃ គឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោល គឺលើសការរំពឹងទុកទៅទៀត ។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ ។
ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នានាពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រជាផ្លូវការ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរអោយប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធខិតខំផ្ដល់ហេដ្ឋរចនាសម្ព័ន្ធឯកជន ដោយក្នុងនោះ សហគមន៍ទេសចរណ៍ ក៏ត្រូវខិតខំបង្កើតផលិតផលឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯប្រជាពលរដ្ឋក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញចិត្តដល់ភ្ញៀវទេសចរ ដាច់ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។
លោកបានបន្តថា «បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ បានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ ទាំងសាធារណៈ និងឯកជន»។
ក្នុងនោះដែរ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅខេត្តកំពត ក៏ដូចជាខេត្តកោះកុង ព្រះសីហនុ និងខេត្តកែប សូមត្រៀមខ្លួនទទួលអបអរសាទរ និងចូលរួមក្នុងព្រិត្តិការណ៍ប្រណាំងកង់អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!