ប្រធានគណបក្សចំនួនពីរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទទួលបានបណ្ដឹងលើករណីវិវាទដីធ្លីជាច្រើនករណី ក្នុងរយៈពេលជាងមួយឆ្នាំ មកនេះ
ប្រធានគណបក្សចំនួនពីរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទទួលបានបណ្ដឹងលើករណីវិវាទដីធ្លីជាច្រើនករណី ក្នុងរយៈពេលជាងមួយឆ្នាំ មកនេះ ខណៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបង្ហាញថា ក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះ បានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ក្នុងរយៈពេលជាងមួយឆ្នាំ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកបានទទួលបណ្ដឹងរបស់ពលរដ្ឋលើករណីវិវាទដីធ្លី ចំនួនប្រមាណ ៤០០ ករណី ដោយលោកគូសបញ្ជាក់ថា ភាគច្រើននៃករណីវិវាទដីធ្លី ដែលប្រតិភូគណបក្សរបស់លោកទទួលបាន កើតឡើងដោយភាពអសកម្មរបស់មន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបន្លំលិខិតឯកសារគតិយុត្តិ ដោយក្នុងនោះរាជរដ្ឋាភិបាល ក៏បានចេញ សជណ ក្នុងការប្រគល់ភារកិច្ចដល់ក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ ផងដែរ ក៏ប៉ុន្តែជាការសង្កេតក្រសួងស្ថាប័នទាំងនោះ មិនទាន់មានដំណោះស្រាយអ្វីជាវិជ្ជមាន នោះទេ លើករណីវិវាទដីធ្លី ។ សំឡេង ៖
ជាមួយគ្នានេះដែរ លោក វឌ្ឍនាសាប៊ុង ក៏បានធ្លាប់ដាក់នូវលិខិតបទដ្ឋានគតិយុត្តិ ក៏ដូចជាអនុសាសន៍មួយចំនួន រួចមកហើយ ក្នុងការជម្រុញដល់ក្រសួងរៀបចំដែនដី ក្នុងកិច្ចការដោះស្រាយបញ្ហាវិវាទដីធ្លីនៅកម្ពុជា តែ ប្រសិនបើជាក្នុងក្រសួងរៀបចំដែនដី នៅតែបន្តភាពអសកម្មរបស់ខ្លួន ក្នុងកិច្ចការដោះស្រាយបញ្ហាដីធ្លីនេះ ទៀតនោះ ក្នុងនាមលោកជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងអនុវត្តន៍តាមភារកិច្ច និងតួនាទីរបស់លោក ដោយនឹងអញ្ជើញប្រតិភូក្រសួង ជួបពិភាក្សាជាមួយក្រមខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ផងដែរ ។ សំឡេង៖
លើសពីនេះ លោក វឌ្ឍនាសាប៊ុង ក៏បានជម្រុញអោយរាជរដ្ឋាភិបាលត្រូវអនុវត្តន៍អោយនូវអភិក្រមទី ៥ គឺការវះកាត់ អោយមានប្រសិទ្ធភាព ដោយមិនមានការលើកលែងជាដាច់ខាត ចំពោះមន្ត្រីដែលអសកម្មកាងារ មានភាពមិនប្រក្រតី ដែលបានប្រព្រឹត្តខុសអំពីច្បាប់ ភារកិច្ចតួនាទីរបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តអំពើពុករលួយ ជាដើម ។ សំឡេង៖
សម្រាប់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់
វិញ បានអោយដឹងដែរថា ប្រតិភូគណបក្សរបស់លោក ក៏ទទួលបានបណ្ដឹងលើករណីវិវាទច្រើនករណី ផងដែរ ដោយក្នុងនោះមានប្រមាណ ៣០០ ករណី ទាំងមានករណីខ្លះបានធ្វើការដោះស្រាយរូចរាល់ហើយ និងករណីមួយចំនួនទៀតកំពុងតែបន្តនិតីវិធីដោះស្រាយ ជាបន្តបន្ទាប់ ។
លោក ពេជ្រ ស្រស់ បានបន្តថា វិវាទដីធ្លីនៅកម្ពុជា នាពេលសព្វថ្ងៃនេះ គឺភាគច្រើនកើតឡើងរវាងពលរដ្ឋ និងពលរដ្ឋ ពលរដ្ឋ និងអាជ្ញាធរ ព្រមទាំងពលរដ្ឋ និងក្រុមហ៊ុនឯកជន ដោយលោកគូសបញ្ជាក់ថា បញ្ហាប្រឈមពិបាកនឹងដោះស្រាយនោះ គឺទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុន ដែលត្រូវទាមទារការយកចិត្តទុកដាក់ដោះស្រាយ ជាបន្ទាន់ ។ សំឡេង៖
ដើម្បីចូលរួមកាត់បន្ថយ ក៏ដូចជាការលុបបំបាត់នូវបញ្ហាដ៏រាំរៃនៃវិវាទដីធ្លីនៅកម្ពុជា បាននោះ លោក ពេជ្រ ស្រស់ ជម្រុញអោយអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ត្រូវយកបេះដូងរាស្ត្រ ដាក់ក្នុងបេះដូងខ្លួនឯង ដោយត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហានៃទំនាស់ដីធ្លីនៅនឹងកន្លែង ប្រកបដោយឆន្ទៈទទួលខុសត្រូវ មួយវិញទៀតនោះ គឺត្រូវលុបបំបាត់ និងជៀសវាងអោយបាននូវការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លីនេះ បើមិនដូច្នេះទេ បញ្ហាដីធ្លី នៅតែជាបញ្ហាប្រឈមសម្រាប់ជាតិ រួមទាំងផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ ទៀតផង ។ សំឡេង ៖
សូមជម្រាបជូនដែរថា យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនឹងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានអោយដឹងថា ក្នុងរយៈពេល ១ ឆ្នាំ ២០១៩ នេះ បានទទួលពាក្យបណ្ដឹងពីបញ្ហាទំនាស់ដីធ្លីសរុបចំនួន ២ ៧១៣ ករណី ក្នុងនោះទទួលដោះស្រាយចំនួន ១ ៨៧១ ករណី ដោយដោះស្រាយបញ្ចប់ចំនួន ១ ៨៤៧ ករណី និងកំពុងដោះស្រាយចំនួន ១២៨ ករណី ។
របាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី បានបន្ថែមថា យន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតដើម្បីដោះស្រាយវិវាទដីធ្លីទាក់ទងនឹងអចលនវត្ថុដែលមិនទាន់ចុះបញ្ជីសុរិយោដី និងវិវាទដីធ្លីស្ថិតក្នុងតំបន់វិនិច្ឆ័យ ដែលគណៈកម្មការរដ្ឋបាលមិនអាចដោះស្រាយបាននៅក្នុងឆ្នាំ ២០១៩ នេះ ។ ការដោះស្រាយវិវាទដីធ្លីក្នុងយន្តការគណៈកម្មការសុរិយោដីដោយទទួលពាក្យបណ្តឹងចំនួន ២៩០ ករណី (ទទួលពីគណៈកម្មការរដ្ឋបាលចំនួន ២៣៨ ករណី)។
នៅក្នុងនោះដែរ បានដោះស្រាយបញ្ចប់ចំនួន ១៦៩ ករណីមានពលរដ្ឋចំនួន ៧២៣ គ្រួសារស្មើនឹងផ្ទៃដីទំហំ ១៣០,៥១ ហិកតា។ ច្រានចោលពាក្យបណ្តឹង បន្ទាប់ពីស៊ើបអង្កេតឃើញថាខុសសមត្ថកិច្ចចំនួន ៩៥ ករណី និងសុំដកពាក្យបណ្តឹងចំនួន ៣០ ករណី។ ចំពោះក្រុមដោះស្រាយវិវាទដីធ្លីចល័តក្រុង ស្រុក ខណ្ឌ ដោះស្រាយបញ្ចប់ចំនួន ១៤១ ករណី ច្រានចោលចំនួន ៨៩ ករណី ដកពាក្យចំនួន ២២ ករណី និងបញ្ជូនទៅគណៈកម្មការសុរិយោដីថ្នាក់ខេត្តចំនួន ៤១ ករណី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!