ចិន ផ្ដល់ថវិកាចំនួន២លាន៥សែនដុល្លារអាមេរិក ដើម្បីគាំទ្រសកម្មភាពបោសសំអាតមីននៅកម្ពុជា
រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយជាថវិកា ចំនួន២លាន៥សែនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពសុីម៉ាក់ឆ្នាំ២០២០ ។
តាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ( CMAC ) បានអោយដឹងថា ថវិកាជាជំនួយឥតសំណងចំនួន២,៥០០,០០០ ដុល្លារអាមេរិក នៃរដ្ឋាភិបាលចិន បានផ្ដល់អោយកម្ពុជា នេះ នឹងត្រូវប្រេីប្រាស់ដេីម្បីអនុវត្តន៍គម្រោង "ជំនួយចិនដេីម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា" ដោយគម្រោងនេះគាំទ្រការពង្រាយកម្លាំងប្រតិបតិ្តការរបស់អង្គភាពសុីម៉ាក់នៅតាមខេត្តមួយចំនួនរបស់កម្ពុជា រួមមាន ៖ ខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ជាដេីម ។
គម្រោងនេះ មានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង ១៧គីឡូម៉ែត្រក្រឡា ដោយត្រូវប្រេីប្រាស់កម្លាំងជំនាញជិត ៣០០នាក់ ក្នុងរយៈពេល១ឆ្នាំ គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ២០២០ ។
សូមបញ្ជាក់ថា គម្រោងជំនួយឥតសំណងនៃរដ្ឋាភិបាលចិននេះ មានរយះពេល៣ឆ្នាំ (២០២០-២០២២) ហេីយនេះជាឆ្នាំទី១ ដោយកន្លងមកនេះ រដ្ឋាភិបាលចិន ក៏បានផ្តល់ជំនួយទំហំថវិកាដូចគ្នានេះ នៅចុងឆ្នាំ២០១៨ និងដេីមឆ្នាំ២០១៩ ផងដែរ ដែលបានអនុវត្តន៍ការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមបណ្តាខេត្តដូចខាងលេីនេះដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!