ស៊ីម៉ាក់ បង្ហាញលទ្ធផលការងារ ក្នុងរយៈពេល១២ ខែ ឆ្នាំ ២០១៩
មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ ( CMAC ) បង្ហាញអំពីលទ្ធផលការងារ នៅក្នុងឆ្នាំ២០១៩ ដែលក្នុងរយៈពេល១២ខែ ដែលអង្គភាពស៊ីម៉ាក់ សម្រេចបានជាលទ្ធផល នាកន្លងមក ។
បើយោងតាមការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា CMAC បានបង្ហាញអំពីលទ្ធផលការងាររបស់អង្គភាពស៊ីម៉ាក់ ដែលសម្រេចបានជាលទ្ធផល នៅក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០១៩ នេះ ដោយបានលទ្ធផលការងារនោះ មានដូចខាងក្រោមនេះ ៖
១- ការងារអប់រំយល់ដឹងពីមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងការជួយសង្គ្រោះជនពិការដោយសារមីន
សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានចុះធ្វើការផ្សព្វផ្សាយការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន១១.២៣៥លើក និងមានប្រជាពលរដ្ឋចូលរួមចំនួន៥៣៣.២៤២នាក់ផងដែរ។ ការងារជួយសង្គ្រោះជនពិការដោយសារមីនក៏សម្រេចបានលទ្ធផលល្អ ទាំងក្នុងការកៀរគរជំនួយ និងការឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ។ សកម្មភាពនេះបានទទួលការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធយ៉ាងសកម្ម ដូចជាការសម្របសម្រួលក្នុងការជីកស្រះទឹក ប្រព័ន្ធប្រឡាយ ផ្លូវ និងការអប់រំបង្កើតមុខរបរថ្មីៗជាដើម។
២- ការហ្វឹកហ្វឺន និងពង្រឹងសមត្ថភាព៖ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដនៅតំបន់រងការគំរាមកំហែងដោយសារមីន អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការឆ្លើយតបព័ត៌មានគ្រាប់ជូនដល់កម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ជាពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោកប្រមាណជាង៤០០នាក់ ក្នុងនោះផ្ដល់ការបណ្ដុះបណ្ដាលការអប់រំយល់ដឹងពីមីន ដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួនជាង១០០នាក់ និងការហ្វឹកហ្វឺនជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់កងយោធពលខេមរភូមិន្ទប្រមាណជាង៣០០នាក់។ ជាមួយគ្នានេះដែរ រយៈពេល១២ខែ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺនជំនាញក្នុងវិស័យសកម្មភាពកំចាត់មីនជូនមន្រ្តីជំនាញសកម្មភាពមីនមកពីប្រទេសអ៊ីរ៉ាក់/ឃើដ ប្រទេសកូឡុំប៊ី និងប្រទេសឡាវ។ ការហ្វឹកហ្វឺនទាំងនេះទទួលបានការគាំទ្រពី JICA និង JICS ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១១៥នាក់។
៣- ការងារប្រតិបត្តិការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងរំដោះផ្ទៃដីសម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩នេះ លទ្ធផលប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានជាអាទិ៍ដូចជា៖ រំដោះផ្ទៃដីបានទំហំ៦៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា លេីចំការមីន/ចំការគ្រាប់ចំនួន ៤៨៧ទីតាំង កិច្ចប្រតិបត្តិការនេះរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦.១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥.៤១៥គ្រាប់មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០.៦៦០គ្រាប់ និងបោះផ្លាកសញ្ញាព្រំចំការមីនបានប្រវែង៣៧១.២០០ម៉ែត្រ ព្រមទាំងឆ្លើយតបតាមសំណើ (EOD Calls) ចំនួន៣.១៤៤ សំណើ។
4- ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងចម្ការគ្រាប់៖ ការងារស្រាវជ្រាវ និងដាក់ស្លាកសញ្ញាក្នុងរយៈពេល១២ខែនេះ បានធ្វើការស្រាវជ្រាវព័ត៌មានចម្ការមីន ចម្ការគ្រាប់បែកចង្កោមតាមលក្ខណៈបច្ចេកទេស និងមិនបច្ចេកទេស ដោយសម្រេចបានប្រមាណជិត៩០០ហិកតា និងខាងជំនួយគម្រោងUNDP-CFR ក៏បានបន្ថែមជំនួយលើការងារស្រាវជ្រាវព័ត៌មានតំបន់ចម្ការមីនលើភូមិចំនួន៣៨៦ ស្ថិតក្នុងខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបានរកឃើញចម្ការមីន/គ្រាប់ថ្មីចំនួន៦២២ទីតាំង ស្មើនឹងផ្ទៃដី៩៦.២៨៦.៥៨៦ម៉ែត្រក្រឡា (បន្ថែមលើផែនការ)។ សំគាល់៖ លទ្ធផលនៃការអនុវត្តផែនការបោសសំអាតមីនមានការថយចុះ ដោយសារការផ្លាស់ប្តូរផែនការមកបង្កេីនកំលាំងលេីភារកិច្ចស្រាវជ្រាវចំការមីន/ចំការគ្រាប់វិញ។
៥- សមិទ្ធិផលរួមក្នុងសង្គម៖ កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីក្នុងឆ្នាំ២០១៩នេះ បានផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន៤០.៨៥០គ្រួសារនិងដោយប្រយោលជាង៥០.០០០គ្រួសារ គិតជាមនុស្សរាយជិត១លាននាក់។ ទន្ទឹងនឹងនេះ ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនបានចំនួន១១.២៣០លេីក ស្មេីនឹង៧០.៤២៨ខ្នងផ្ទះ គិតជាមនុស្សរាយដែលសិស្សនិសិ្សតនិងប្រជាពលរដ្ឋទូទៅចំនួន៥៣៣.២៤២នាក់ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!