Commentary:រលកកំដៅ ផ្តាច់ផ្តិលជីវិតប្រជាជនឥណ្ឌាកើនលើស ១,៨០០នាក់
ព័ត៌មានចុងក្រោយនៅថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានឲ្យដឹងពីតួលេខដ៏គួរឲ្យរន្ធត់ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសាររលកកំដៅនៅប្រទេសឥណ្ឌា មានទំនោរកើនឡើងខ្ពស់ជាលំដាប់ លើស ១,៨០០នាក់ហើយ ។
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៥
បដិសេធមិនបានទេថា ពត៌មានអន្តរជាតិគគ្រឹកគគ្រេងនៅក្នុងរយៈពេល ២សប្តាហ៍នេះ គឺមានព័ត៌មានស្តីពីការវាយប្រហារដោយរលកកំដៅនៅប្រទេសឥណ្ឌាផងដែរ ។
អំឡុងខែមេសានិងខែឧសភាឆ្នាំនេះ ប្រទេសឥណ្ឌាជាដែនដីមាតុភូមិកំណើតរបស់ប្រជាជនជាង១,២០០ លាននាក់ ហើយក៏ជាប្រទេសដែលមានទំហំធំលំដាប់ទី៧ នៅលើពិភពលោក ។ លក្ខខណ្ឌ ផ្ទៃដីដ៏ធំនេះបានប្រឈមនឹងបាតុភូតរលកកំដៅវាយលុកចូលតំបន់ជាច្រើននៅទូទាំងប្រទេស ជាពិសេសនៅភាគខាងកើត និងការវាយលុកនៃរលកកំដៅចូលក្នុងដែនដីភារតៈនាលើកនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទូទៅដល់មនុស្សរាប់លាននាក់ ដល់ថ្នាក់ឈឺថ្កាត់ ឬរស់នៅក្នុងជីវភាពប្រចាំថ្ងៃបានដោយលំបាក ជាពិសេសនៅពេលថ្ងៃត្រង់ ។
ព័ត៌មានចុងក្រោយនៅថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានឲ្យដឹងពីតួលេខដ៏គួរឲ្យរន្ធត់ថា ចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសាររលកកំដៅនៅប្រទេសឥណ្ឌា មានទំនោរកើនឡើងខ្ពស់ជាលំដាប់ លើស ១,៨០០នាក់ហើយ ។
សេចក្តីរាយការណ៍ព័ត៌មានបានបង្ហាញថា តំបន់ដែលទទួលរងប៉ះពាល់ច្រើនបំផុតពីរលកកំដៅនៅក្នុងប្រទេសឥណ្ឌា គឺរដ្ឋ អាន់ដ្រា ប្រាដែស (Andhra Pradesh) នៅភាគអាគ្នេយ៍នៃប្រទេសនេះ រួមទាំងរដ្ឋ តេឡាន់ហ្គាណា (Telangana) ដែលមានទីតាំងនៅជាប់គ្នា ។
ទិន្នន័យជាផ្លូវការបានបង្ហាញថា ចំនួនជនរងគ្រោះដោយសាររលកកំដៅនៅក្នុងប្រទេសឥណ្ឌាមានច្រើននៅក្នុងរដ្ឋ អាន់ដ្រា ប្រាដែស (Andhra Pradesh) ដែលកើនឡើងជាបន្តបន្ទាប់លើស ១,០០០នាក់ទៅហើយ ខណៈដែលរដ្ឋ តេឡាន់ហ្គាណា ក៏មានចំនួនជនរងគ្រោះដោយរលកកំដៅច្រើនជាង ៣០០នាក់ ។
មិនត្រឹមតែក្នុងរដ្ឋ Andhra Pradesh និងរដ្ឋ តេឡាន់ហ្គាណា ប៉ុណ្ណោះទេ ប្រព័ន្ធផ្សព្វផ្សាយនានា បានរាយការណ៍ផងដែរថា មានចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយរងគ្រោះពីរលកកំដៅនៅក្នុងរដ្ឋជាច្រើន នៅភាគខាងកើតនៃប្រទេសឥណ្ឌា មានជាអាទិ៍ក្នុងរដ្ឋ អូរីស្សា និងរដ្ឋ បែងហ្គលខាងលិច (West Bengal) ផងដែរ ។
នៅតាមតំបន់ខ្លះនៃប្រទេសឥណ្ឌាបានរកឃើញថា សីតុណ្ហភាពដែលវាស់ក្នុងអំឡុងពេលថ្ងៃកើនឡើងជាមធ្យមលើស "៥០ អង្សា" ដែលពួកគេនិយាយថា ជាកំរិតសីតុណ្ហភាពដ៏ខ្ពស់ល្មមអាចរលាយគំនូសឆ្លងថ្នល់ "crosswalk" ឬសញ្ញាចរាចរណ៍ដែលសរសេរលើទ្រូងថ្នល់បាន ។
អាជ្ញាធរមូលដ្ឋាននៃបណ្តារដ្ឋជាច្រើននៅក្នុងប្រទេសឥណ្ឌាដែលត្រូវរលកកំដៅឆ្លងកាត់ បានចេញមកប្រកាសព្រមានឲ្យប្រជាជនស្ថិតនៅតែក្នុងលំនៅដ្ឋានឬក្នុងម្លប់ និងសុំឲ្យជៀសវាងសកម្មភាពទាំងឡាយណាស្តិតក្រោមកំដៅថ្ងៃដោយផ្ទាល់ ខណៈដែលបណ្តាមន្ទីរពេទ្យនានាក៏បានទទួលបញ្ជាឲ្យត្រៀមខ្លួនជាស្រេចព្យាបាលអ្នកជំងឺដោយរោគសញ្ញារលាកកំដៅ និងជំងឺតម្កាត់ផ្សេងៗដែលកើតឡើងដោយសាអាកាសធាតុក្តៅខ្លាំង ។
ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុត ក្នុងរយៈពេលពីរឆ្នាំនេះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយខ្លះបានរាយការណ៍ថានេះគឺជាអាកាសធាតុក្តៅហែងបំផុតដែលប្រទេសឥណ្ឌាកំពុងប្រឈម ក្នុងជុំ១ទសវត្សកន្លងមកនេះ ។
ចំណែកការិយាល័យឧត្តុនិយមរបស់ប្រទេសឥណ្ឌាបានឱ្យដឹងថា បាតុភូតរលកកំដៅវាយលុកប្រទេសឥណ្ឌានាលើកនេះ មានប្រភពដោយសារការប្រែប្រួលអាកាសធាតុពិភពលោក និងសភាពភ្លៀងមិនជាប់លាប់ ដែលហុចផលឲ្យបណ្តារដ្ឋជាច្រើន នៅត្រូវប្រឈមមុខនឹងសីតុណ្ហភាពលើសពី ៤៥ អង្សា បន្តទៀត ទម្រាំរដូវវស្សាមកដល់ ។
ហេតុនេះ គង់មិនមែនជាការខុសទាស់ទេ ប្រសិនបើសន្និដ្ឋានថា បាតុភូតរលកកំដៅវាយលុកប្រទេសឥណ្ឌា រហូតសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់ ត្រឹមជាភស្តុតាងមួយដែលសបង្ហាញថា ធម្មជាតិកំពុងតែ "សងសឹក" នឹងមនុស្សលោក និងដល់ពេលហើយដែលមនុស្សលោកទាំងអស់រស់នៅលើផែនដីនេះ ត្រូវងាកមក "យកចិត្តទុកដាក់" ឲ្យបាន "ប្រាកដប្រជា" ក្នុងការថែរក្សាធម្មជាតិឲ្យអស់ពីចិត្តពីថ្លើម មុនពេលយើងបានទទួលមេរៀនដ៏មានតម្លៃនិងសែនឈឺចាប់ច្រើនជាងនេះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!