លោក វិល្លាម ហ្គ័ង ដឹកនាំក្រុមយុវជនចំនួន ៣៥០ នាក់ ធ្វើដំណើរទស្សនកិច្ច ជាលើកទី ២ នៅខេត្តកោះកុង
កាលពីថ្ងៃ ៣០ ៣១ ខែធ្នូ ឆ្នាំ ២០១៩ និងថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ហ្គ័ង បានដឹកនាំយុវជនចំនួន ៣៥០ នាក់ ធ្វេីទស្សនកិច្ចសិក្សានៅខេត្តកោះកុង ក្រោមប្រធានបទ កសាងផ្នត់គំនិតយុវជនក្នុងការជំរុញខឿនសេដ្ឋកិច្ច និងកិត្យានុភាពជាតិដោយផ្អែកលេីវិស័យឧស្សាហកម្មគ្មានផ្សែង (ទេសចរណ៍) ។
នៅក្នុងទស្សនកិច្ចនេះ គឺការដឹកនាំយុវជនចុះទស្សនកិច្ចដោយផ្ទាល់នៅតាមតំបន់ទេសចរណ៍សំខាន់ៗ មួយចំនួននៅក្នុងខេត្តកោះកុង មានដូចជា ៖ ស្ទឹងតាតៃ ជ្រោះតាតៃ បឹងក្រយ៉ាក ព្រៃកោងកាង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជួរភ្នំក្រវាញ ជាដេីម ។
ជាមួយគ្នានេះដែរ ក៏មានការជជែកដេញដោលលើមតិយោបល់របស់យុវជន បន្ទាប់ពីការទៅទស្សនានៅតាមតំបន់ទេសចរណ៍សំខាន់ៗ មួយចំនួននៅក្នុងខេត្តកោះកុង ដេីម្បីប្រមូលយកគំនិតរបស់យុវជន ក្នុងការវាយតម្លៃលេីតំបន់ទេសចរណ៍អេកូធម្មជាតិ ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតលេីតំបន់ទេសចរណ៍ទាំងនោះ ក្នុងគោលបំណងបង្កេីតភាពទាក់ទាញអោយបានកាន់តែខ្លាំង ។
ក្នុងទស្សនកិច្ចសិក្សានេះ ជាវគ្គបំប៉នខ្លីមួយ ផងដែរ លេីការបង្រៀនអោយចេះគ្រប់គ្រងមនុស្ស គ្រប់គ្រងសីលធម៌ និងផ្សព្វផ្សាយពីការស្រលាញ់បរិស្ថាន ជាដើម ដោយរាល់ការចាកចេញរបស់ក្រុមយុវជនចេញពីតំបន់ទេសចរណ៍ តែងតែបានចូលរួមថែរក្សាបរិស្ថាន គឺគ្មានការបន្សល់ទុកនូវសម្រាម នោះឡើយ ។
ក្រោយបញ្ចប់ទស្សនកិច្ច នៅយប់ថ្ងៃទី ៣១ ធ្នូ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក៏ដឹកនាំក្រុមយុវជនទាំងអស់ឆ្លងឆ្នាំសកល នៅលើឆ្នេរប៉ាក់ខ្លង ខេត្តកោះកុង ដោយមានតែការបាញ់កាំជ្រួច និងបង្ហោះគោម ទៀតផង ។
សូមជម្រាបជូនដែរថា ដំណើរទស្សនកិច្ចសិក្សា នៅខេត្តកោះកុង ជាដំណើរទស្សនកិច្ច ជាលើកទី ២ បន្ទាប់ពីដំណើរទស្សនកិច្ចសិក្សា លើកទី ១ នៅខេត្តមណ្ឌលគិរី ដែលរៀបចំឡើងដើម្បីជម្រុញការចូលរួមរបស់យុវជន ក្នុងការអភិវឌ្ឍនិងការផ្សព្វផ្សាយវិស័យទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា អោយកាន់តែការភាពទាក់ទាញខ្លាំងក្លាបន្ថែមទៀត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!