លោកស្រី ម៉ែន សំអន គាំទ្រសន្និសីទក្រុងប៉ារីស ស្តីពីសមភាពរវាងស្ត្រី និងបុរស លើកទី២៥ឆ្នាំ ក្រោមការរៀបចំរបស់បារំាង
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ខាងមុខ បារាំងនឹងរៀបចំសន្និសីទស្តីពីសមភាពរវាង ស្ត្រី និងបុរស ដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលប្រទេសនៅអឺរ៉ុប បានធ្វើកិច្ចការនេះអស់រយៈពេល២៥ឆ្នាំកន្លងទៅ ។ ក្នុងនោះក៏នឹងត្រូវអញ្ជើញស្ត្រីជាថ្នាក់ដឹកនាំកម្ពុជាទៅចូលរួមផងដែរ ។
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹអ្ធសភា និងអធិការកិច្ច បានគាំទ្រចំពោះសន្និសីទនេះ ក្នុងនោះលោកស្រីរដ្ឋមន្ត្រី ក៏បានរំលឹកថា កាលពីឆ្នាំ១៩៩៥ លោកស្រីធ្លាប់ដឹកនាំប្រតិភូស្ត្រីជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងពេលបើកសន្និសីទនេះជាលើកទី១ តែសម្រាប់ឆ្នាំនេះ សង្ឃឹមថានឹងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បីជាការវិវត្តនូវគំនិត សមត្ថភាពរបស់ស្ត្រីនៅលើសកលលោក ។
លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាប់អារម្មណ៍អំពីតួនាទីរបស់ស្ត្រីកម្ពជា ក្នុងវិស័យនយោបាយ និងគ្រប់ស្ថាប័នរបស់ជាតិ ក្នុងពេលបច្ចុប្បន្ន ដែលមានអត្រាកើនឡើងគួរឲ្យកត់សំគាល់ ដែលសបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីខ្លួនឯងកំពុងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីជាការងាយស្រួលសំរាប់ថ្នាក់ដឹកនាំបំពេញ ឬតំឡើងតួនាទីជូនដល់ស្ត្រី ។
ពាក់ព័ន្ធបញ្ហានេះ លោកស្រី ម៉ែន សំអន បានប្រាប់លោកស្រី អគ្គរដ្ឋទូតបារាំងពីស្ថានភាព និងតួនាទីរបស់ស្ត្រីកម្ពុជា ក្រោមការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលមិនត្រឹមតែលើកកំពស់តួនាទីស្ត្រីក្នុងស្ថាប័នរដ្ឋ និងនយោបាយប៉ុណ្ណោះទេ គឺបានជំរុញឲ្យស្ត្រីជាកសិករ កម្មករ និងវិស័យឯកជន មានឱកាសពង្រីកសមត្ថភាព ដើម្បីចូលបំរើការឲ្យបានកាន់តែច្រើន ពង្រីកបាននូវជីវភាព ។
លោកស្រីអគ្គរដ្ឋទូតបារាំង បញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា បារាំង ក្នុងបន្តជួយដល់កម្ពុជា លើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យជាច្រើនទៀត ពិសេសបន្តកសាងវិស័យទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងកាប្រារព្វខួបលើកទី៥០ នៃប្រទេសប្រើប្រាស់ភាសាបារាំង ហ្វ្រង់កូហ្វូនី ។ ដោយឡែករដ្ឋាភិបាលបារាំង ក៏មានការកែសម្រួលនៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា ដែលមានបំណងទៅកាន់ប្រទេសបារាំង និងប្រទេសនៅតំបន់អឺរ៉ុបឲ្យកាន់តែងាយស្រួលបន្ថែមទៀត ។
ជាមួយគ្នានេះ លោកស្រីអគ្គរដ្ឋទូតបារាំង បានសាទរចំពោះកម្ពុជា សំរាប់ឆ្នាំ២០២០នេះ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលក្នុងនោះរដ្ឋាភិបាលបារាំង មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដើម្បីឲ្យប្រទេសហភាពអឺរ៉ុបមកកាន់កម្ពុជា ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!