Commentary:តាមដាននយោបាយនៅប្រទេសមីយ៉ាន់ម៉ា
ទោះបីលទ្ធផលការស្រាវជ្រាវប្រជាប្រិយភាពជាច្រើនលើកបានបង្ហាញថា USDP មិនមានប្រជាប្រិយភាពដូចគណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ ឬ NLD របស់លោកស្រី អ៊ុងសានស៊ូជី គូប្រជែងដ៏សំខាន់ ។
ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥
លោក ថាន់ ស្វេ លោកស្រី អ៊ុងសាន ស៊ូជី
គណបក្សសហភាពសាមគ្គីនិងការអភិវឌ្ឍន៍ ឬ USDP ដែលជាគណបក្សកាន់អំណាចរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដឹកនាំដោយអតីតសមាជិកផ្តាច់ការយោធា ដែលបានវិវត្តពីអង្គការដែលលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំទាមទារលទ្ធិប្រជាធិបតេយ្យ សកម្មជនគណបក្សប្រឆាំងប្រៀបធៀបថា មិនខុសអ្វីពីកងទ័ពណាស៊ី និងឈានឡើងកាន់អំណាចគ្រប់គ្រងប្រទេសដោយការបន្លំសន្លឹកឆ្នោត ។ ប្រវត្តិមិនច្បាស់លាស់និងគួរឱ្យសង្ស័យនេះ មើលទៅហាក់បីដូចជាមិនបានសាងការព្រួយបារម្ភដល់គណបក្ស USDP សូម្បីបន្តិចឡើយ ខណៈគណបក្សបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោតជាប្រវត្តិសាស្រ្តដែលរំពឹងថា នឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំនេះ ។
ទោះបីលទ្ធផលការស្ទាបស្ទង់ប្រជាប្រិយភាពជាច្រើនលើកបានបង្ហាញថា USDP មិនមានប្រជាប្រិយភាពដូចគណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ ឬ NLD របស់លោកស្រី អ៊ុងសានស៊ូជី គូប្រជែងដ៏សំខាន់ ដែលរំពឹងថានឹងឈ្នះការបោះឆ្នោតលើគណបក្ស USDP ក្រៅពីនេះនៅមាន គណបក្សតូចៗចូលរួមក្នុងការបោះឆ្នោតលើកនេះដែរ ដែលត្រូវបានគេនិយាយថា ជាការបោះឆ្នោតទូទៅដែលសេរីនិងយុត្តិធម៌លើកដំបូងនៃអតីតអាណានិគមរបស់អង់គ្លេសមួយនេះ ក្នុងរយៈពេល ២៥ ឆ្នាំ និងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការផ្ទេរប្រទេសចេញពីរបបផ្តាច់ការ ទៅកាន់របបប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។
យ៉ាងណាក៏ដោយ លោក អ៊ុង ធឿង ទីប្រឹក្សាជាន់ខ្ពស់គណបក្ស USDP បានផ្តល់បទសម្ភាសន៍ឲ្យកាសែតរ៉យទ័រ នៅទីក្រុងណៃពិដោរថា លោកមានជំនឿយ៉ាងមុតមាំថា គណបក្ស USDP នឹងឈ្នះការបោះឆ្នោតនាលើកនេះ ។
ប្រទេសមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយរបបផ្តាច់ការយោធា នៅពេលការបោះឆ្នោតលើកចុងក្រោយត្រូវបានធ្វើឡើងនៅឆ្នាំ ២០១០ ដែលគណបក្ស NLD ធ្វើពហិការការបោះឆ្នោត ទុកឱ្យគណបក្ស USDP ដែលមានកងទ័ពនៅពីក្រោយឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ហើយបានរដ្ឋាភិបាលស៊ីវិលពាក់កណ្តាលដែលដឹកនាំដោយលោកប្រធានាធិបតី ថាន់ ស្វេ អតីតជាឧត្តមសេនីយកងទ័ព និងជាប្រធានគណបក្ស USDP ដែលពេលក្រោយមក ក៏បានប្រកាសធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋ ។ ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា បែរជាមានអារម្មណ៍ថា ការធ្វើកំណែទម្រង់ដូចបានពោល ស្លាប់ស្រេចបាត់ទៅហើយ ហើយមើលឃើញថា ការបោះឆ្នោតដែលកំពុងនឹងកើតមានឡើងនេះ ជាឱកាសសម្រាប់អ្នកមានសិទ្ធិបោះឆ្នោតដាក់ទោសគណបក្ស USDP និងទាហានដែលជាតំណាងមិនទទួលបានការបោះឆ្នោតដែលតែងបានមកអង្គុយក្នុងរដ្ឋសភា ។
ក្រុមវិបត្តិអន្តរជាតិ ឬ International Crisis Group ដែលសិក្សាស្ថានការណ៍ផ្នែកសន្តិសុខនៅជុំវិញពិភពលោកបានព្យាករណ៍ថា កត្តាដ៏គួរឲ្យទាក់ទាញរបស់លោកស្រី អ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព និងប្រព័ន្ធបោះឆ្នោតបុគ្គលណាទទួលបានសំលេងច្រើនជាអ្នកជាប់ឆ្នោត ឬ (First Past the Post) របស់ប្រទេសមីយ៉ាន់ម៉ា ដែលប្រើក្នុងការបោះឆ្នោតឆ្នាំ ២០១០ អាចធ្វើឲ្យគណបក្ស USDP ទទួលបាននូវការបរាជ័យយ៉ាងអាម៉ាស់ ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថាកុំទាន់អាលកាត់ឈ្មោះគណបក្ស USDP ចេញពីបញ្ជីជាប់ឆ្នោតជាដាច់ខាត ដោយសារគណបក្សរដ្ឋាភិបាលនៅក្តោបក្តាប់ភាពមានប្រៀបក្នុងយន្តការរដ្ឋនៅឡើយ ដោយមានសមាជិកសភាជាច្រើនរយនាក់ និងមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ានិងមន្រ្តីរដ្ឋការ ដែលអាចធ្វើឲ្យមានសំឡេងចាត់តាំងយ៉ាងរឹងមាំ ដោយការអាស្រ័យបណ្តាញរបស់មន្ត្រីរដ្ឋការទូទាំងប្រទេស ។
រចនាសម្ព័ន្ធដ៏គួរឲ្យខ្លាចនេះ ត្រូវបានបង្កើតឡើងដោយថវិការដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ព ដែលដឹកនាំប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជិត ៥០ ឆ្នាំមកនេះ ។
គណបក្ស USDP កាលពីមុនជាគណបក្សសមាគមសហសាមគ្គីនិងការអភិវឌ្ឍ ឬ USDA បង្កើតឡើងនៅឆ្នាំ ១៩៩៣ ជាឧបករណ៍នយោបាយរបស់កងទ័ព ចាត់ទុកជាទង្វើបិទផ្លូវប្រជាធិបតេយ្យដោយមានលោកឧត្តមសេនីយ៍ ថាន់ ស្វេ មេដឹកនាំផ្តាច់ការយោធាក្នុងខណៈនោះផ្តល់ការគាំទ្រ ។
ក្នុងឆ្នាំ ១៩៩៧ លោកស្រី ស៊ូជី បានហៅ USDA ថាជា "ក្រុមអន្ធពាល " និងបានថ្លែងថា ការខិតខំប្រឹងប្រែងរបស់ USDA ដើម្បីដាក់សម្ពាធលើគណបក្ស NLD និងលទ្ធិប្រជាធិបតេយ្យ មិនខុសអ្វីពីសមាជិកកងទ័ពណាស៊ីនោះទេ ។ បន្ទាប់ពីនោះ ៦ឆ្នាំ កុប្បករដែលគាំទ្រគណបក្ស USDA បានវាយប្រហារក្បួនរថយន្តរបស់លោកស្រី ស៊ូជី ក្នុងអំឡុងការធ្វើដំណើរទៅធ្វើសកម្មភាពនយោបាយនៅភាគខាងជើងប្រទេស បណ្តាលឲ្យក្រុមអ្នកគាំទ្រលោកស្រីស្លាប់បាត់បង់ជីវិតចំនួន ៤ នាក់ ។
នៅឆ្នាំ ២០១០ ពេលការបោះឆ្នោតសកលខិតមកជិតដល់ គណបក្ស USDA បានប្តូរទៅជាគណបក្ស USDP ដែលខាងគណបក្សលែងបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋ ក៏ប៉ុន្តែអ្វីផ្សេងៗគ្មានការផ្លាស់ប្តូរឡើយ រួមទាំងពាក្យស្លោករបស់គណបក្សផងដែរ គឺ "សីលធម៌ មានវិន័យ ឯកភាព " ហើយក៏បានឈ្នះការបោះឆ្នោតដោយមិនលំបាក ។
ប៉ុន្តែសម្រាប់ការបោះឆ្នោតសកលដែលនឹងមានឡើងនៅខែវិច្ឆិកា .. នេះ គង់លែងងាយស្រួលដូចមុនទៀតហើយសម្រាប់រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ានោះ ព្រោះលទ្ធផលការស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ កាលពីឆ្នាំទៅមិញ បានរកឃើញថា គណបក្ស USDP មានសំលេងគាំទ្រតាមពីក្រោយ គណបក្ស NLD ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!