រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ សារព័ត៌មានគឺជាកញ្ចក់ឆ្លុះនូវរាល់សកម្មភាពរបស់អាជ្ញាធរ ទាំងមន្ត្រីស៊ីវិល និងនគរបាលជាតិ
រសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ចំពោះការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត គឺមានសារៈសំខាន់ណាស់ដើម្បីជួយផ្តល់នូវប្រភពបញ្ហា និងព័ត៌មាននានាដែលជាក់លាក់សម្រាប់អជ្ញាធរពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ និងដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងចំគោលដៅច្បាស់លាស់។
ថ្លែងក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូនៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ លោក ស ខេង បានមានប្រសាសន៍គូសបញ្ជាក់ថា ចំពោះការលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត គឺមានសារៈសំខាន់ណាស់ដើម្បីជួយផ្តល់នូវប្រភពបញ្ហា និងព័ត៌មាននានាដែលជាក់លាក់សម្រាប់អជ្ញាធរពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ និងដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងចំគោលដៅច្បាស់លាស់ ។
លោក ស ខេង បញ្ជាក់បន្ថែមថា សព្វថ្ងៃនេះនៅក្នុងក្រសួងមហាផ្ទៃ ក៏មានអគ្គនាយកដ្ឋានមួយទទួលបន្តុកដោះស្រាយពាក្យបណ្ដឹងនានារបស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ គឺអគ្គាធិការដ្ឋានរបស់ក្រសួងមហាផ្ទៃ គឺទទួលភារកិច្ចដើម្បីទទួលពាក្យបណ្ដឹងដោះស្រាយពាក្យបណ្ដឹងដែលទាក់ទងជាមួយនឹងមន្ត្រីក្រសួងមហាផ្ទៃ ទាំងប៉ូលិស និងស៊ីវិល។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់បន្ថែមថា ការងារប្រមូលព័ត៌មានទាំងអស់នោះ គឺមានអគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ធ្វើការប្រមូលតាមប្រភពនានានៃសារព័ត៌មានជាប្រចាំ ហើយដាក់ឲ្យទៅអគ្គាធិការដ្ឋានចុះទៅអង្កេតស្រាវជ្រាវដោះស្រាយ ដែលនេះគឺជាការផ្តល់ភាពងាយស្រួលផងដែរ សម្រាប់អាជ្ញាធរពាក់ព័ន្ឋក្នុងការដោះស្រាយបញ្ហា ។
ជាងនេះទៀតលោករដ្ឋមន្ត្រី ក៏បានស្នើដល់សារព៌ត៌មានទាំងអស់ឲ្យយកចិត្តទុកដាក់ចូលរួមផ្សាព្ធផ្សាយព័ត៌មាន ដើម្បីលើកកម្ពស់នូវអរិយធម៌ វប្បធម៌ សិល្បៈ និងទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរឲ្យបានជ្រួតជ្រាប់ដល់សាធារណៈជនបន្ថែមទៀត៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!