រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅបន្តឆ្នាំ ២០២០
លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ) ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ របស់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលបានធ្វើឡើងនៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០។
លោកស្រី ហ៊ុន កុសនី បានអះអាងថា អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំង៣ គឺមានតួនាទីសំខាន់ណាស់ ក្នុងការក្តាប់ឲ្យបាននូវរាល់សភាពការណ៍ ពាក់ព័ន្ធនឹងអំពើធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងអំពើជួញដូរមនុស្ស ក្នុងមូលដ្ឋានរបស់ខ្លួន ដោយត្រូវពង្រឹងលើធ្វើការទំនាក់ទំនង និងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងធ្វើរបាយការណ៍បញ្ជូនមកខេត្តឲ្យទាន់សភាពការណ៍ ដើម្បីចាត់វិធានការដោះស្រាយ ជួយជនរងគ្រោះបានទាន់ពេលវេលា និងចាប់ជនល្មើសឲ្យបានដើម្បីដាក់ទោសតាមច្បាប់ជាបន្តបន្ទាប់ ។
លោកស្រី បញ្ជាក់ថា សម្រាប់ទិសដៅឆ្នាំ ២០២០នេះ ក្រៅពីត្រៀមរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ គណៈកម្មការខេត្តប្រឆាំងការជួញដូរមនុស្ស និងត្រៀមរៀបចំវេទិកាផ្សព្វផ្សាយស្ដីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារឲ្យបាន ១១លើក មានន័យថាធ្វើមួយលើកក្នុងមួយក្រុង-ស្រក គ្រប់១១ក្រុង-ស្រុកក្នុងខេត្ត ច្រើនជាងឆ្នាំមុនធ្វើបានតែ ៨ លើកតែប៉ុណ្ណោះ។
លោកស្រីអភិបាលរងខេត្តកណ្ដាលរូបនេះ បានបន្តថា ក្រុមការងារទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ត្រូវគ្រប់គ្រងឲ្យបាននូវរាល់ការធ្វើចំណាកស្រុកដោយខុសច្បាប់ ជាពិសេសមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវពង្រឹងក្នុងការចុះធ្វើអធិការកិច្ចលើពលករនៅតាមឡឥដ្ឋ និងសិប្បកម្មនានាក្នុងខេត្ត ។ ក្នុងនោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ពង្រឹងលើការងារស្ដារនីតិសម្បទា និងត្រូវចុះសាកសួរសុខទុក្ខពួកគាត់ ពេលធ្វើសមាហរណកម្មជនរងគ្រោះទៅក្រុមគ្រួសារវិញ។ មន្ទីរអប់រំ យុវជននិង កីឡាត្រូវបន្តបញ្ជ្រាបការយល់ដឹងអំពីច្បាប់ស្ដីពីការជួញដូរមនុស្សអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងការធ្វើចំណាកស្រុកខុសច្បាប់នៅតាមសាលារៀន ដល់សិស្សានុសិស្សបានផុលផុស។
ជាមួយគ្នានេះ លោកស្រីក៏បានជំរុញឲ្យមន្ទីរព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយអត្ថបទអប់រំស្ដីពី ការជួញដូរមនុស្សការធ្វើចំណាកស្រុកដោយសុវត្ថិភាពតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីឲ្យប្រជាជនបានយល់ដឹងកាន់តែច្រើនឡើងអំពីបញ្ហានេះ ។ មន្ទីរកសិកម្មក៍ត្រូវជូយធ្វើការផ្សព្វផ្សាយដល់ស្រទាប់កសិករតាមរយៈការបង្រៀនបច្ចេកទេសកសិកម្មនានា ហើយហើយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវតែធ្វើការអប់រំផ្សព្វផ្សាយតាមរយៈការសម្ដែងសិល្បៈនានាផងដែរ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍លទ្ធផលការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆ្នាំ ២០១៩ ក្រុមការងារថ្នាក់ក្រុង-ស្រុកបានប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការធ្វើចំណាកស្រុកខុសច្បាប់ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបានសរុបចំនួន ៣២៤៧លើក៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!