រដ្ឋមន្ត្រីក្រសួងសាធារណការ ៖ ការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ត្រូវឈរលើគោលការណ៍គុណភាពជាចម្បង
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បន្តដាក់ចេញនូវរបៀបវារៈ និងទិសដៅការងារឆ្នាំ២០២០ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាផ្អែកលើគុណភាពជាចម្បង ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសមិទ្ធផលការងារសម្រេចបានសំខាន់ៗមួយចំនួន និងកំពុងបន្តពាក់ព័ន្ធនឹងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ គម្រោងសិក្សាផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត គម្រោងពង្រីក និងលើកកម្ពស់គុណភាពបណ្តាញផ្លូវជាតិសំខាន់ៗជាច្រើន ទៀតផងដែរ។
លោករដ្ឋមន្ត្រី បានលើកឡើងអំពីការតភ្ជាប់ផ្លូវរថភ្លើងរវាងកម្ពុជា-ថៃ នៅឆ្នាំ២០១៩ ដែលមានការចូលរួមធ្វើដំណើររួមគ្នាតាមរថភ្លើងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការញ្ចប់ការសាងសង់ស្ពានស្ទឹងបត់ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ ការរៀបចំ និងគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាច្រើនទៀត ព្រមទាំងបានបង្កើតក្រុមការងារពិសេស ដើម្បីតាមដានការសាងសង់ផ្លូវថ្នល់ ផងដែរ។
លោករដ្ឋមន្ត្រី បានបន្តថា ក្រសួងក៏បានរៀបចំបទដ្ឋានគតិយុត្តបន្ថែមទៀត ដែលអាចផ្ដល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតាមបំណងប្រាថ្នារបស់ខ្លួន ដូចជា៖ ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលអាចរក្សាទុកសម្រាប់បំពាក់រថយន្តថ្មីក្រោយៗទៀត បានរៀបចំផែនការមេជាតិភស្តុភារកម្ម ដើម្បីកម្ពុជាអាចចូលរួមប្រកួតប្រជែងក្នុងតំបន់និងពិភពលោក ក៏ដូចជាដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជា ជាដើម ។
ជាមួយគ្នានេះផងដែរ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវមោទនភាពយ៉ាងខ្លាំងដែលកម្ពុជា ពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន មានសមត្ថភាពអាចប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីសម្រួលដល់ការផ្ដល់សេវាសាធារណៈស្របតាមការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មានវិទ្យាសកល និងបដិវត្តឧស្សាហកម្ម៤.០ ដូចជា៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដែលអាចឱ្យបងប្អូនប្រើប្រាស់សេវាទាំងនេះដោយសេរី ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។
ក្នុងនោះដែរ លោករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរនូវទិសដៅការងារឆ្នាំ២០២០ ដោយបានបញ្ជាក់នូវ របៀបវារៈ និងបេសកកម្មជាច្រើនទៀតដែលត្រូវបំពេញទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ឈរលើគោលការណ៍គុណភាពជាចម្បង គិតចាប់តាំងពីការរៀបចំលិខិតស្នាមឡើងទៅ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!