រាជរដ្ឋាភិបាល សម្រេចតែងតាំងលោក ជៀង អ៊ំ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី
នៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ នេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរីថ្មី ដោយបានសម្រេចតែងតាំងលោក ជៀង អ៊ំ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ជំនួសលោក លី ធុជ ។
រាជរដ្ឋាភិបាលកម្ពុជាត្រូវបានផ្ទេរភារកិច្ច លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ទៅជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជំនួសមកវិញដោយលោក ជៀង អ៊ំ រដ្ឋលេខាធិការក្រសួងការពារជាតិ មកជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ។
ក្នុងពិធីប្រកាសតែងតាំងនេះដែរ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំ និងក្រើនរំលឹកដល់មន្ដ្រីទាំងអស់ដែលជាអ្នកផ្ដល់សេវា ត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ តាំងពីផ្ដើមចេញពន្លក កុំចាំផ្ទុះធំហើយទើបនាំគ្នាខំដោះស្រាយ។
លោក ស ខេង បានគូសបញ្ជាក់ទៀតថា សម្រាប់បញ្ហាទាំងឡាយណា ដែលក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋានខិតខំដោះស្រាយហើយ ប៉ុន្ដែនៅតែមិនអាចដោះស្រាយបាននោះ ត្រូវតែបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល ដើម្បីមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងចេះតែអូសបន្លាយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ស ខេង បានណែនាំឲ្យក្រុមការងារថ្នាក់ជាតិ ត្រូវរួមគ្នាជាមួយរដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាព និងសមត្ថកិច្ច ដើម្បីរៀបចំផែនការសកម្មភាព ត្រូវកំណត់ឲ្យបានជាក់លាក់នូវអង្គភាពទទួលខុសត្រូវ ក្នុងការអនុវត្តសកម្មភាពនីមួយៗ ហើយក្រុមការងារថ្នាក់ជាតិ ក៏ត្រូវបែងចែកការទទួលខុសត្រូវក្នុងការតាមដានត្រួតពិនិត្យលទ្ធផល នៃការអនុវត្ត ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!