ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ ២០២០
រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ នៅសាលសន្និសីទខេត្តកំពត មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តន៍បន្តរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពត។
ក្នុងពិធីនេះ មានការចូលរួមពីសំណាក់លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមរបស់លោកជាអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ប្រមាណជាង៧០០នាក់ ។
ក្រោយស្តាប់របាយការណ៍ស្តីពីលទ្ធផលការងាររយៈពេលមួយឆ្នាំ ២០១៩ ដែលអានជូនអង្គពិធីដោយ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត រួចមក លោក ចម ប្រសិទ្ធ បានកោតសរសើរដល់សមាជិកក្រុមកាងារថ្នាក់ជាតិទាំងអស់ដែលខិតខំបំពេញការងាររហូតទទួលលទ្ធផលគួរជាទីមោទនៈ ពិសេសកិច្ចការងារបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយនឹងទិសដៅសម្រាប់អនុវត្តន៍បន្តដែលបានដាក់ចេញក្នុងអង្គប្រជុំនេះ លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់គ្រប់សមាជិកទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តនូវរាល់ភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចជោគជ័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!