មេប៉ូលិស-មេប៉េអឹម ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខនៃដំណើរការសវនាការកាត់ទោសលោក កឹម សុខា
មេប៉ូលិស-មេប៉េអឹម ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ នៃដំណើរការសវនាការកាត់ទោសលោក កឹម សុខា ។
អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីកិច្ចសហការការពារសន្តិសុខ នៃដំណើរការសវនាការកាត់ទោសលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាល និងមេបញ្ជាការកងរាជអាវុធហត្ថ ទាំង២៥ រាជធានី ខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ។
សូមជម្រាបជូនថា អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងចូលខ្លួនបំភ្លឺផ្ទាល់តាមដីកាបង្គាប់ របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៥ មករា ខាងមុខនេះ ។ កាលពីថ្ងៃទី ៩ ធ្នូ ឆ្នាំ ២០១៩ លោក វង្ស ប៊ុនវិសុទ្ធ បានចេញដីកាបង្គាប់ឲ្យលោកកឹម សុខា ចូលមកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការជំនុំជម្រះ នៅថ្ងៃ១៥ មករា ឆ្នាំ២០២០ ជាកំហិតអំពីអង្គហេតុ ដែលបានចោទប្រកាន់មកលើខ្លួន ក្រោយសាលាឧទ្ធរណ៍ បានទាត់ចោលបណ្ដឹង ក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់ដីកាបញ្ជូន សំណុំរឿងទៅជំនុំជម្រះ ដែលចេញដោយចៅក្រមស៊ើបសួរ តុលាការក្រុងភ្នំពេញ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!