លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអោយប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ស៊ើបអង្កេតលើករណីធ្វើទារុណកម្មពលរដ្ឋម្នាក់រហូតដល់បាត់បង់ជីវិត នៅខេត្តបន្ទាយមានជ័យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាអោយប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ស៊ើបអង្កេតលើករណីធ្វើទារុណកម្មពលរដ្ឋម្នាក់រហូតដល់បាត់បង់ជីវិត នៅខេត្តបន្ទាយមានជ័យ ខណៈ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ជម្រុញអោយមានការស៊ើបអង្កេតដោយម៉ត់ចត់ និងឯករាជ្យភាព ដើម្បីធានាអោយបាននូវការនាំខ្លួនជនប្រព្រឹត្តល្មើស យកមកផ្ដន្ទាទោស តាមច្បាប់ ដោយគ្មានការលើកកលែង ។
ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាលើកទី៤ ជាមួយអ្នកសារព័ត៌មាន សរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅលោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ស៊ើបអង្កេតលើករណីមនុស្សស្លាប់ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានអះអាងថា ស្លាប់ដោយសាររងការធ្វើទារុណកម្មពីសំណាក់មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការធ្វើទារុណកម្ម នាំឲ្យមានមនុស្សស្លាប់ គឺមិនអាចទទួលយកបាននោះទេ ត្រូវតែស្វែងរកជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ។
បន្ទាប់ទទួលបានការបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច ។
ជាមួយគ្នានេះ តាមរយៈអ្នកនាំពាក្យគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ក្រោយការស៊ើបអង្កេតជាបឋមរបស់ក្រុមការងារគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើករណីធ្វើទារុណកម្មពលរដ្ឋរហូតដល់ស្លាប់ នៅខេត្តបន្ទាយមានជ័យ រួចមក គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីសុំកិច្ចអន្តរាគមន៍ទៅកម្លាំងសមត្ថកិច្ច ក្នុងការស៊ើបអង្កេត និងចាត់វិធានបន្តលើករណីមួយនេះ ដើម្បីនាំខ្លួនជនល្មើស មកផ្ដន្ទាទោស តាមនីតិវិធីច្បាប់ ជាធរមាន ។ សំឡេង៖
លោក កត្តា អ៊ន ចាត់ទុកករណីធ្វើទារុណកម្មរហូតដល់បាត់បង់ជីវិតនេះ ជាករណីថ្មីមួយ ដែលកន្លងមក គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជូនក្រុមកាងារក្នុងការតាមដានអំពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងពន្ធនាគារ តាមបណ្ដាខេត្តជាច្រើន រួចមកហើយ ប៉ុន្តែជាការសង្កេតមិនមានករណីធ្ងន់ធ្ងរដូចករណីនៅខេត្តបន្ទាយមានជ័យ នេះទេ ដោយលោក កត្តា អ៊ន គូសបញ្ជាក់ថា គណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានណែនាំ និងផ្សព្វផ្សាយដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវអនុវត្តន៍តាមនីតិវិធីច្បាប់ អោយបានខ្ជាប់ខ្ជួន អប់រំអោយយល់កាន់ច្បាស់អំពីសិទ្ធិរបស់អ្នកទោស ឬជនជាប់ឃុំ ដែលមានសិទ្ធិដូចពលរដ្ឋទូទៅដែរ លើកលែងតែសិទ្ធិដើរហើរនៅខាងក្រៅ ប៉ុណ្ណោះ ។ សំឡេង ៖
ដោយឡែក មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ករណីធ្វើទារុណកម្មនេះ ជាករណីធ្ងន់ធ្ងរមួយ ដែលបានរំលោភលើអនុសញ្ញា ស្ដីពី ការប្រឆាំងការធ្វើទារុណកម្ម នៃអង្គការសហប្រជាជាតិ ក្នុងនាមកម្ពុជា ជារដ្ឋភាគីដែលបានផ្ដល់សច្ចាប័ណ្ណ លើអនុសញ្ញានេះ ផងដែរ ដូច្នេះ លោក អំ សំអាត ជម្រុញអោយមានការស៊ើបអង្កេតដោយម៉ត់ចត់ ឯករាជ្យភាព ដោយធានាអោយបាននូវការនាំខ្លួនជនប្រព្រឹត្តល្មើស យកមកផ្ដន្ទាទោស តាមច្បាប់ ដោយគ្មានការលើកកលែង ។ សំឡេង ៖
សូមបញ្ជាក់ថា ពលរដ្ឋដែលរងការធ្វើទារុណកម្មរហូតដល់ស្លាប់ មានឈ្មោះ ទុយ ស្រស់ អាយុ ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ ដែលក្រុមគ្រួសារនៃសព អះអាងថា ការស្លាប់របស់ឈ្មោះ ទុយ ស្រស់ គឺ ព្រោះតែការធ្វើទារុណកម្មបែកថ្លើម សំណាក់ក្រុមមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!