UN គោរពវិញ្ញាណខន្តកងកម្លាំងរក្សាសន្តិភាពដែលស្លាប់ក្នុងបេសកម្ម
UNITED NATIONS, May 29 អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន កាលពីថ្ងៃសុក្រនេះបានដឹកនាំប្រទេសជាសមាជិកទាំងអស់នៅលើពិភពលោក គោរពវិញ្ញាណខន្តកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលបានស្លាប់ក្នុងប្រតិបត្តិការថែរក្សាសន្តិភាពនៅទូទាំងពិភពលោក ហើយខណៈនោះក៏មានការកោតសរសើរផងដែរដល់អស់អ្នកដែលកំពុងបំពេញភារកិច្ចនៅក្នុងទីកន្លែងដ៏មានគ្រោះថ្នាក់បំផុតលើពិភពលោក។
នៅថ្ងៃទិវាអន្តរជាតិនៃការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អង្គការមួយនេះបានផ្តល់កិត្តិយសដល់សមាជិករបស់កងរក្សាសន្តិភាព១២៦រូបមកពី ៣៨ ប្រទេសដែលបានស្លាប់ ខណៈពេលដែលកំពុងបម្រើការងារបេសកម្មនៅក្រោមទង់ជាតិរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤ ដែលនេះជាឆ្នាំទីប្រាំពីរហើយ ដែលកងរក្សាសន្តិភាពចំនួនជាង១០០ នាក់បានបាត់បង់ជីវិត។
នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក លោកបានគីមូនបានចូលរួមពិធីដាក់កម្រងផ្កានៅក្នុងពេលព្រឹក, បន្ទាប់មកបានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយ Dag Hammarskjold អោយអ្នកស្លាប់ក្នុងបេសកម្មថែរក្សាសន្តិភាពដែលបានបាត់បង់ជីវិតកាលពីឆ្នាំមុន៕
ដោយ មែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!