កូនដំរី ០១ក្បាល បានងាប់នៅក្នុងទឹកអូរលាវ ខេត្តរតនគិរី
មន្ទីរបរិស្ថានខេត្តរតនគិរី ប្រទះឃើញកូនដំរី ០១ក្បាល បានងាប់នៅក្នុងទឹកអូរលាវ ។
មន្រ្តីឧទ្យានុរក្សនៃឧទ្យានជាតិអូរយ៉ាដាវ ចំនួន ០៣នាក់ ក្រោយពីទទួលដំណឹងពីប្រជានេសាទ បានឱ្យដឹងអំពីការប្រទះឃើញសាកសពសត្វដំរី ០១ក្បាលបានងាប់នៅក្នុងទឹកក្នុងអូរលាវ ព្រំប្រទល់រវាង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។
មន្ត្រីឧទ្យាននុរក្ស មិនទាន់ដឹងមូលហេតុ នៃការងាប់របស់កូនដំរី នោះឡើយ ដោយសាកសពមានសភាពស្អុយរលួយទៅហើយ តែយ៉ាងណា តាមការសាកសួរពីអ្នកភូមិ បានអោយដឹងថា ប្រហែលជាង10ថ្ងៃមុន មានដំរីប្រមាណពី ២០ ទៅ ៣០ ក្បាល បានចូលមកឧទ្យានជាតិអូរយ៉ាដាវ ដោយធ្វើការកាច់បំបាក់ដើមឬស្សី និងមែកឈើ បន្សល់លាមកជាច្រើន ហើយឆ្លងទៅទឹកដីខេត្តមណ្ឌលគិរី វិញ បន្ទាប់មកក៏លឺថាមានកូនដំរីស្លាប់ ។
ជាមួយគ្នានេះដែរ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តរតនគិរី ពិបាកនឹងយកសពកូនដំរី មករក្សាទុក ដោយស្ថានភាពពិបាកក្នុងការដឹកជញ្ជូន ដោយក្រុមការងារ នឹងអូសដំរីមកកប់នៅដីក្បែរមាត់អូរសិន ដេីម្បីទុកឱ្យសាច់រលួយ ទើបអាចប្រមូលឆ្អឹង ជាក្រោយ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!