ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម
ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាននេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ នៃព្រៈរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើដំណើរទៅបំពេញទស្សនកិច្ចការងារ ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហូជីមីញ ចាប់ពីថ្ងៃទី ១៧-១៩ ខែមករា ឆ្នាំ២០២០។
សេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ជាច្រើន តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មានជាអាទិ៍៖ កិច្ចសហការផ្លាស់ប្តូរព័ត៌មានដើម្បីថែរក្សាសន្តិសុខជាតិការពារព្រឹត្តិការណ៍ជាតិធំៗ ការពារសុវត្ថិភាពដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្តូរប្រតិភូបំពេញទស្សនកិច្ចដកពិសោធន៍ការងារ និងពិនិត្យព្យាបាលជម្ងឺ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិ ព្រមទាំងការជួយគាំទ្រគ្នាទៅវិញទៅមកផ្នែកសម្ភារបច្ចេកទេស បម្រើឲ្យការងារថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
ទន្ទឹមនេះ ភាគីទាំងពីរក៏បានកត់សម្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងកងកម្លាំងនគរបាលនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ និងថែរក្សាបរិយាកាសសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនបានយ៉ាងល្អប្រសើរ រួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ក្នុងឳកាសនោះ លោក ស ខេង ក៏បានថ្លែងនូវការអបអរសាទរចំពោះប្រទេសវៀតណាម ក្នុងឱកាសទទួលភារកិច្ចជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២០នេះ និងការជាប់ឆ្នោតជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ ក្នុងអាណត្តិ២០២០-២០២១ ផងដែរ ។
ជាមួយគ្នានេះ លោក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១៣ នៅឆ្នាំ ២០២០ នេះដែរ ។ ភាគីទាំងពីរបានប្តេជ្ញាជួយគាំទ្រគ្នាទៅវិញទៅមកគ្រប់លទ្ធភាព ដើម្បីបម្រើឲ្យការប្រារព្វព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងនេះ ដំណើរការទៅដោយជោគជ័យតាមការគ្រោងទុក។
បន្ទាប់មកទៀត ភាគីទាំងពីរបានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តន៍កិច្ចការសំខាន់ៗមួយចំនួនទៀត រួមមាន ៖
- បន្តចាត់វិធានការម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសព្រៃឈើ និងបទល្មើសធនធានធម្មជាតិផ្សេងៗ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងនៅតាមតំបន់មួយចំនួនដែលមានភូមិសាស្រ្តស្មុគស្មាញ។
- បន្តជំរុញចាត់វិធានការតឹងរ៉ឹង ដើម្បីទប់ស្កាត់ និងបង្ក្រាបការលួចឆ្លងដែនខុសច្បាប់។
-បន្តកិច្ចសហប្រតិបត្តិការគ្រប់គ្រងតាមខ្សែបន្ទាត់ព្រំដែន និងសហការដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ឈរលើគោលការណ៍គោរពឯករាជ្យ និងអធិបតេយ្យគ្នាទៅវិញទៅមក។
ដើម្បីបន្តយន្តការកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអញ្ជើញលោករដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាមពេលវេលាសមស្រប៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!