ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ចុះត្រួតពិនិត្យលើករណីបាតុភាពអំពើហិង្សាលើសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់តាំងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំបន្ទាន់ស្ដីពីករណីបាតុភាព ទំនាស់ហិង្សា ដែលបង្កដោយ យុវតី៤រូបមកពីវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និងសាលាទួនហ្វា ទៅលើយុវតីមួយរូបនៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ។
នៅក្នុងកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងណែនាំដល់អាណាព្យាបាល និងសិស្សបង្ក ៖
-ទទួលស្គាល់កំហុសដែលខ្លួនបានប្រព្រឹត្ត
-សូមអភ័យទោសចំពោះសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងមក
-ប្ដេជ្ញាចិត្តមិនឱ្យសកម្មភាពនេះកើតឡើងជាថ្មី
-ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរដើម្បីតម្កល់ទុកជាឯកសារ ។
ក្នុងឱកាសនៃកិច្ចប្រជុំននោះ លោកប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ក៏បានទូន្មានដល់សិស្សបង្កទាំង៤នាក់ និងសំណូមពរដល់អ្នកអាណាព្យាបាល អោយបញ្ឈប់ការគុំកួនគ្នា និងបញ្ឈប់សកម្មភាពហិង្សាខ្វះសីលធម៌ល្មើសវិន័យ, គោរពបទបញ្ជាផ្ទៃក្នុងសាលា និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សមានប្រយោជន៍សម្រាប់សង្គម ព្រមទាំងសូមអាណាព្យាបាលសិស្សជួយអប់រំណែនាំកូនបន្ថែមនៅក្រៅម៉ោងសិក្សា និងតាមដានការសិក្សាកូន និងអាណាព្យាបាលត្រូវសហការជាមួយសាលាពាក់ព័ន្ធនឹងការសិក្សារបស់សិស្ស ផងដែរ ។
ដោយឡែក អាណាព្យាបាលសិស្សបង្ក ក៏បានសន្យាថា នឹងធ្វើការណែនាំអប់រំកូនៗ ព្រមទាំងចូលរួមសហការជាមួយសាលាបញ្ឈប់សកម្មភាពដែលធ្លាប់កើតឡើងកន្លងមក ។ ជាមួយគ្នានេះសិស្សបង្កទាំង៤នាក់ ក៏បានបង្ហាញការសោកស្ដាយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តកន្លងមក ដោយសន្យាថាមិនឱ្យសកម្មភាពនេះកើតឡើងជាថ្មីដោយខិតខំរៀនសូត្រធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ។
ក្នុងឱកាសនោះផងដែរ យុវសិស្ស ស្រ៊ុន កែវមរកត ដែលជាជនរងគ្រោះ និងម្តាយបានលើកលែងទោសចំពោះសិស្សបង្កទាំង៤នាក់ មិនមានការគុំកួនបន្ តនិងសំណូមពរសិស្សានុសិស្សទូទាំងប្រទេស មេត្តាកុំយកគំរូតាមដោយខិតខំរៀនសូត្រនិងសូមអាណាព្យាបាលទាំងអស់យកចិត្តទុកដាក់ចំពោះការសិក្សាកូនៗរបស់ខ្លួន ។
សូមជម្រាបថា ជាធម្មតាការដាក់ទណ្ឌកម្មទៅលើសិស្សានុសិស្សដែលប្រព្រឹត្តខុសពីបទបញ្ជាផ្ទៃក្នុងសាលាមានបីកម្រិត៖
១.ស្ដីបន្ទោសជាលាយលក្ខណ៍អក្សរ
២.ស្ដីបន្ទោសដោយចារលើសៀវភៅសិក្ខាគារិក
៣.បញ្ឈប់ការសិក្សា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!