ក្រសួងទេសចរណ៍ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០
នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០។
យោងតាមរបាយការណ៍លទ្ធផលបានបង្ហាញថា ក្នុងរយ:ពេលពេញមួយឆ្នាំ២០១៩ ការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍មានការរីកចម្រើនលើគន្លងវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលដែលបានចាត់ទុក " នារីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច-សង្គម " ។
ស្របជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏មានផែនការយុទ្ធសាស្ត្របញ្រ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ ជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តន៍ការងារ ធានាបាននូវការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ និងជំរុញឲ្យមានការចូលរួមរបស់ស្ត្រីកាន់តែច្រើនទាំងក្នុងវិស័យរដ្ឋ និងឯកជន។
ក្នុងនោះដែរ ការអនុវត្តការងារយេនឌ័រនៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនយ៉ាងណាក្តី ប៉ុន្តែជារួមក្រុមការងារបានអនុវត្តន៍ការងារបានរលូនល្អ និងជោគជ័យ ដោយកត្តាសាមគ្គីភាព និងកិច្ចសហការគ្នាល្អរបស់មន្ត្រីបង្គោលយេនឌ័រនៅគ្រប់ថ្នាក់ ហើយដែលជាពិសេសបំផុតនោះ គឺការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់លោករដ្ឋមន្ត្រី ថោង ខុន ជាយន្តការជំរុញឱ្យក្រុមការងារនារី និងយេនឌ័រ បានបំពេញបេសកកម្មឥតឈប់ឈរដើម្បីបុព្វហេតុលើកកម្ពស់ សិទ្ធិ តួនាទី តម្លៃស្រ្តីក្នុងវិស័យទេសចរណ៍ ដោយទទួលបានជោគជ័យលើសពីលទ្ធផលរំពឹងទុក។
ជាមួយនេះ អង្គប្រជុំដែលមានការចូលរួមពីមន្ត្រីគ្រប់លំដាប់ថ្នាក់ និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ផងនោះ ក៏បានដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ២០២០ ដែលរួមបញ្ចូលនូវសកម្មភាពសំខាន់ៗប្រកបដោយឆន្ទ: និងមនសិការទទួលខុសត្រូវខ្ពស់ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!