លោករដ្ឋមន្ត្រី ថោង ខុន កំណត់យកបុណ្យទន្លេ នៅបាត់ដំបងទាក់ទាញទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍បន្ថែម
រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ ២០២០ នៅខេត្តបាត់ដំបង ក្នុងនោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ត្រូវតែកំណត់យកពិធីបុណ្យទន្លេនេះ ជាព្រឹត្តិការណ៍ជំរុញចលនាទេសចរណ៍ជាតិ-អន្តរជាតិ និងដើម្បីជួយពង្រឹងការលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ខេត្តបាត់ដំបងបន្ថែមទៀត។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារលើកដំបូង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅសាលាខេត្តបាត់ដំបង ថា ការងារចម្បងបំផុតដែលត្រូវជំរុញឱ្យមានការអនុវត្ត នោះ មានដូចជា ៖ ការផ្សព្វផ្សាយពីវប្បធម៌ និងរមណីយដ្ឋានទេសចរណ៍ ការតាំងពិព័រណ៍បង្ហាញពីផលិតផលក្នុងស្រុក ពិសេសគឺការបន្តចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានាក្នុងខេត្ត និងនៅតាមរមណីយដ្ឋាននានា ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានណែនាំទៅដល់ក្រុមការងារ មន្ត្រីរាជការក្រោមឱវាទ ត្រូវអនុវត្តន៍ការងារមួយចំនួន ក្នុងនោះរួមមាន៖
* ការតុបតែងលម្អរៀបចំសោភ័ណភាពសាធារណៈឱ្យបានស្អាត និងមានភាពបៃតងជាងមុន។
* ការត្រៀមរៀបចំទស្សនីយភាពសិល្បៈ និងវប្បធម៌ ព្រឹត្តិការណ៍កីឡា និងព្រឹត្តិការណ៍កម្សាន្តនានាក្នុងពេលពិធីប្រារព្ធឡើង។
* ការត្រៀមរៀបចំស្ដង់សម្រាប់តាំងពិព័រណ៍ផលិតផលសហគ្រាសខ្នាតតូច និងមធ្យម ផលិតផលដែលផលិតបានក្នុងស្រុក ពិសេសផលិតផលជំនួសប្លាស្ទិក។
* កាត្រៀមរៀបចំវិថីម្ហូបអាហារ (Food Street) នៅទីតាំងសមរម្យណាមួយនៅក្នុងក្រុងបាត់ដំបង ដើម្បីឱ្យអាជីវករលក់ម្ហូបអាហារនៅក្នុងពេលប្រារព្ធពិធី និងក្រោយពេលពិធីបុណ្យទន្លេបន្តទៅមុខ។
* ការទំនាក់ទំនងជាមួយស្ថានទូតបរទេស និងខេត្តសម្ព័ន្ធមេត្រីភាពជាមួយប្រទេសជិតខាង ដើម្បីកៀរគរឱ្យមានការចូលរួមដូចបណ្ដាពិធីមុនៗ។
* ដោយសារខេត្តបាត់ដំបងជាខេត្តសម្បូរសម្បត្តិវប្បធម៌ បេតិកភ័ណ្ឌ និងសម្បូររមណីយដ្ឋានទេសចរណ៍ច្រើននោះ លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
* ជំរុញលើកទឹកចិត្តចលនាប្រលងប្រណាំងនានា ក្នុង នោះខិតខំរក្សាជ័យលាភីថ្នាក់ជាតិ និងអាស៊ាន ដែលខេត្តទទួលបានការជំរុញសកម្មភាពនៅតាមសហគមន៍ទេសចរណ៍មូលដ្ឋាន និងតាមរមណីយដ្ឋានទេសចរណ៍នានា ពិសេសសហគមន៍ទេសចរណ៍តាមដងទន្លេនៅឃុំជីវាំង។
* ការរៀបចំទីតាំងដែលត្រូវប្រារព្ធពិធី និងសម្រាប់រៀបចំព្រឹត្តិការណ៍នានាក្នុងក្រុងបាត់ដំបង។
* ការពន្លឿនការជួសជុលផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង និងការតុបតែងលម្អទីក្រុង។
* ការបំផុសចលនាប្រជាពលរដ្ឋទូទាំងខេត្តចូលរួមបុណ្យទន្លេ អនាម័យ បរិស្ថាន តុបតែងលម្អផ្ទះសំបែង ភូមិស្ថាន ដើម្បីជួយទទួលភ្ញៀវទេសចរ។
* ការពង្រឹងការរៀបរយសណ្តាប់ធ្នាប់ អនាម័យក្នុងទីក្រុង។
* អប់រំគ្រប់មូលដ្ឋានអាជីវកម្មកុំឱ្យមានការដំឡើងថ្លៃហួសហេតុ លើកកម្ពស់គុណភាពសេវាកម្ម។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមូលដ្ឋានអាជីវកម្មក្នុងខេត្ត ត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជំនួសមកវិញនូវការប្រើប្រាស់វត្ថុដែលផលិតពីរពាក់ ផ្ដៅ ឫស្សី ក្រដាស ជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងជំរុញការអនុវត្តស្ដង់ដា «ស្អាត និងបៃតង»។
សូមជម្រាបជូនថា ការរៀបចំប្រព្រឹត្តិការណ៍ពិធីបុណ្យទន្លេ លើកទី៦ នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបចំកម្មវិធីនីមួយៗ ក្នុងអបអរសាទរពិធីបុណ្យទន្លេ រួមមាន៖ ការសម្តែងសិល្បៈ កម្មវិធីកីឡា ការរៀបចំតាំងពិព័ណ៌ផលិតផលក្នុងខេត្ត ការរៀបចំវិថីមុខម្ហូបខ្មែរ ផងដែរ។
ការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងនេះ មានរយៈពេលចំនួន០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!