លោកសម រង្សី នឹងលើកយកបញ្ហាព្រំដែន បញ្ហាពលករចំណាកស្រុក និងបញ្ហាអន្តោរប្រវេសន៍ ទៅពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថ្លែងចំពោះមុខប្រជាពលរដ្ឋខ្មែររស់នៅឯក្រៅប្រទេស ក្នុងទីក្រុងឡូវែល សហរដ្ឋអាមេរិក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអោយដឹងថា វប្បធម៌សន្ទនា រវាងលោក និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺជាវប្បធម៌មួយដ៏ប្រសើរ ក្នុងការដោះស្រាយបញ្ហានៅចំពោះមុខដែល កំពុងតែចោទជាបញ្ហាដល់សង្គម។ ជាពិសេសបញ្ហាដែលចោទក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ គឺបញ្ហាពលករចំណាកស្រុកទៅកាន់ក្រៅប្រទេសកាន់តែច្រើន ជនអន្តោរប្រវេសន៍ចូលមកកម្ពុជា និងបញ្ហាព្រំដែនជាច្រើន ប្រសិនបើរាជរដ្ឋាភិបាល កាន់តែព្រងើយកន្តើយពីបញ្ហាទាំងនេះ នោះប្រជារាស្រ្ត និងជាតិពិតជាជួបបញ្ហា។
សំឡេង សម រង្ស៊ី
លោក សម រង្ស៊ី ក៏បានលើកឡើងពីបញ្ហាពលករចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើនបែបនេះដោយសារតែ បញ្ហាប្រាក់ចំណូល និងមុខរបរនៅក្នុងស្រុកពុំមានភាពល្អប្រសើរ និងផ្តល់ប្រាក់កម្រៃសមរម្យជូនពួកគេ។ អ្វីដែលជាបញ្ហានៅចំពោះមុខ លោក និងនាយករដ្ឋមន្រ្តី និងធ្វើការដោះស្រាយបញ្ហាបញ្ហានៅចំពោះមុខនេះអោយបានល្អប្រសើរដើម្បី សុខសន្តិភាព និងបង្កើនជីវភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងជាតិតាមរយៈវប្បធម៌សន្ទនា ដែលជារបត់ថ្មីក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ។
សំឡេង សម រង្ស៊ី
ជុំវិញការលើកឡើងបែបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកឈឹម ផលវរុណ បានពន្យល់ថា បញ្ហាពលករចំណាកស្រុកទៅកាន់ប្រទេសជិតខាង មិនមែនថារដ្ឋាភិបាលមិនដោះស្រាយនោះទេ រដ្ឋាភិបាលបានសម្រួលចាត់ចែងអោយមានច្បាប់ការពារសិទ្ធិពលរក។ ហើយប្រទេសកម្ពុជាមិនមានច្បាប់ណាហាមឃាត់មិនអោយពលករក្នុងស្រុក ចំណាកស្រុកទៅកាន់បរទេសនោះដែរ វាអាស្រ័យលើសាម៉ីខ្លួនរបស់ពួកគេម្នាក់ៗ។
សំឡេង ឈឹម ផលវរុណ
ពាក់ព័ន្ធទៅនឹងវប្បធម៌សន្ទនារវាង ប្រមុខគណបក្សប្រជាជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អ្នកនាំពាក្យរូបនេះ យល់ថា នេះជាវិធីសាស្រ្តដ៏ល្អសម្រាប់ការដោះស្រាយវិបតិ្ត និងបញ្ហានៅក្នុងប្រទេសដោយសន្តិវិធី និងមិនយកបញ្ហាសង្គមមួយចំនួន ដូចជាបញ្ហា ព្រំដែន បញ្ហាចំណាកស្រុក បញ្ហាអន្តោរប្រវេសន៍ដើម្បីតែជាហេតុផលកេងចំណេញនយោបាយទាំងសង្ខាងនោះទេ។
សំឡេង ឈឹម ផលវរុណ
គូសបញ្ជាក់ថា គម្រោងជួបពិភាក្សារបស់លោកសម រង្សី ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើឡើងបន្ទាប់ពីមានពលករខ្មែរជាច្រើនម៉ឺននាក់បានចាកចេញពីស្រុកកំណើតទៅធ្វើការជាកម្មករនៅក្រៅប្រទេស និងបន្ទាប់ពីមានបញ្ហាព្រំដែនកម្ពុជាវៀតណាមបានកើតឡើងនៅខេត្តត្បូងឃ្មុំ និងខេត្តកំពតជាដើម៕
ដោយ៖ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!