ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជិត ៩ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំចិន
ក្នុងរយៈពេល៣ថ្ងៃ (២៤-២៦ ខែមករា ឆ្នាំ២០២០) នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខេត្តព្រះសីហនុទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៧,៧៦៥នាក់ កើនឡើង ២៤.៥២% ក្នុងនោះមានភ្ញៀវជាតិ ៧៤,៤៩៥នាក់ និងភ្ញៀវអន្តរជាតិ ១៣,២៧០នាក់ (ថយចុះ ៤៨.៨០%)។
បើយោងតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៨៧,៧៦៥នាក់ ក្នុងនោះរួមមាន៖
- នៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានប្រមាណ ៤១ជើង ថយចុះ ២២ជើង។
- ទេសចរតាមបណ្តាកោះនានាសរុបប្រមាណ ៧,៧៤១នាក់ កើនឡើង ៣.៤០%។
- រមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវសរុប ១០,៦៥៤នាក់ កើនឡើង ៦០%។
- ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥០,៧៤៦នាក់។
លោក តាំង សុចិត្រគ្រឹស្នា បានបន្តថា នាថ្ងៃទី២៥ ខែមករា ក៏មាននាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ១គ្រឿង ដោយនាំភ្ញៀវទេសចរអន្តរជាតិសរុប ១,៥៩៨នាក់ (ស្រី ៨៩៩នាក់) នាវិក ៧៧៩នាក់ (ស្រី ១៥៣នាក់) ។
ជាមួយគ្ននេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ថា ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ វិញ ក៏គ្មានអ្វីកើតឡើងគួរឱ្យកត់សម្គាល់ នោះទេ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!