៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់
ភ្ញៀវទេសចរជាតិ - អន្តរជាតិប្រមាណជិត ៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៥-២៦)។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាម បានថ្លែងថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តសៀមរាប មានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៧៨,៤៨៦នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ២៨,៤៨៦នាក់ កើនឡើង ១៣.៩៦ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៥ម៉ឺននាក់ គឺមានការថយចុះ៩.០៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ កន្លងទៅ។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប គឺភាគច្រើនបានទៅតំបន់រមណីយដ្ឋាននានា ដូចជា ៖ រមណីយដ្ឋានអង្គរ រមណីយដ្ឋានភ្នំគូលែន រមណីយដ្ឋានបឹងទន្លេសាប និងរមណីយដ្ឋាននានាជាច្រើនទៀត ។ ជាមួយគ្នានេះ ភ្ញៀវទេសចរ ក៏បានកម្សាន្តនៅតំបន់ទេសចរណ៍កម្សាន្ដនានា ក្នុងក្រុងសៀមរាប ផងដែរ មានដូចជា ៖ នៅតាមសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម តំបន់ផាប់ស្ទ្រី (Pub Street) ផ្សាររាត្រី ផ្លូវ៦០ម៉ែត្រ ជាដើម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!