មជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា គ្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរ យកតាំងពិព័រណ៍នៅក្រៅប្រទេស
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈមណ្ឌលវិទ្យាសាស្ត្រកាលីហ្វ័រញ៉ា CSC ចូលជួបពិភាក្សាការងារ លើគម្រោងស្នើសុំខ្ចីរូបចម្លាក់ខ្មែរយកទៅរៀបចំតាំងពិព័រណ៍នៅក្រៅប្រទេស ។
ក្នុងកិច្ចពិភាក្សានោះ លោកស្រីរដ្ឋមន្ត្រី បានស្នើឱ្យគណៈប្រតិភូ ត្រូវផ្តល់ព័ត៌មានលម្អិតអំពីគម្រោងស្នើសុំឱ្យបានច្បាស់លាស់ មកកាន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមុនសិន ដើម្បីធ្វើការសិក្សា ជាពិសេសលើលក្ខខណ្ឌបច្ចេកទេស មុននឹងសម្រេចដាក់បញ្ចូលក្នុងកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការអន្តរក្រសួង ក៏ដូចជាមុននឹងស្នើសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
សូមជម្រាបថា គម្រោងតាំងពិព័រណ៍នេះ គឺគ្រោងនឹងរៀបចំឡើងនៅប្រទេសមួយចំនួន ដូចជា ៖ សហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ក្នុងឆ្នាំ ២០២២ ខាងមុខ ក្រោមប្រធានបទ ស្តីពី អង្គរ (ANGKOR: The Exhibition) ដោយគោលបំណងសំខាន់នៃពិព័រណ៍នេះ គឺដើម្បីរួមចំណែកផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជាឱ្យប្រជាជននៃបណ្តាប្រទេសទាំងនោះ បានស្គាល់ដែលអាចជាចលករមួយក្នុងការជំរុញភ្ញៀវទេសចរនៃបណ្តាប្រទេសទាំងនោះ ឱ្យមកទស្សនាដោយផ្ទាល់នៅប្រទេសកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!