ក្រសួងឧស្សហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសហគមន៍អឺរ៉ុប បន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ លើផ្នែកប្រកាសនីយបត្រតក្កកម្ម
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បើកកិច្ចប្រជុំទ្វេភាគី ស្តីពីកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (Patent Cooperation) រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (EPO) ដោយមានការចូលរួមពីលោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក António Campinos ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសហគមន៍អឺរ៉ុប ។
ក្នុងជំនួបពិភាក្សានោះ ដៃគូសន្ទនាទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបាន បន្ទាប់ពីភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្ម(Patent) សហគមន៌អឺរ៉ុប នៅកម្ពុជា ។ ជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការ ត្រូវបានពង្រឹង និងបន្តផែនការសកម្មភាព ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០នេះ ។
ក្នុងនោះ ជាលទ្ធផលកន្លងមក ការស្នើសុំចុះបញ្ជីការពារទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មរបស់សហគមន៌អឺរ៉ុប នៅកម្ពុជា បានចំនួន ២៣០ ក្នុងនោះ ការដាក់ពាក្យស្នើសុំចំនួន ០១ ប្រកាសនីយបត្រតក្កកម្ម ទទួលផ្ទាល់ដោយក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។
ភាគីទាំងពីរ បានផ្តល់សារៈសំខាន់ចំពោះដំណើរបំពេញបេសកកម្មនៃប្រតិភូកម្ពុជាដឹកនាំដោយលោករដ្ឋមន្ត្រី ចម ប្រសិទ្ធ ទៅកាន់ទីក្រុងម៉ូនិច នៃប្រទេសអាល្លឺម៉ង់ កាលពីចុងខែ តុលា និងដើមខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ ជាពិសេសការអនុវត្តផែនការសកម្មភាព សម្រាប់ឆ្នាំ២០២០ នេះ ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានបង្ហាញថា តាមរយៈបេសកកម្មនៃប្រតិភូអង្គភាពកម្មសិទ្ធិបញ្ញាមកបំពេញបេសកកម្មនៅកម្ពុជា ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ មិនត្រឹមក្នុងគោលបំណងការជួបប្រជុំទ្វេភាគី ជាមួយកម្ពុជា ទេ ថែមទាំងបានជួបប្រជុំជាមួយប្រទេសប្រុយណេ និងប្រទេសភូមា ផងដែរ ។ ក្នុងនោះក៏មានការបើកសន្និសីទ ស្តីពីកម្មសិទ្ធិបញ្ញា ដែលនឹងរៀបចំ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ទៀតផង ។
លោក ចម ប្រសិទ្ធ បានស្នើសុំឲ្យមានការពណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាបន្ថែមទៀត រួមមានដូចជា ៖មន្ត្រីជំនាញក្រសួងឧស្សាហកម្ម និងសិប្បកម្ម ភ្នាក់ងារកម្មសិទ្ធិបញ្ញា អង្គភាពច្បាប់ វិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា និងវិស័យឯកជន ជាដើម ដោយសារការងារកម្មសិទ្ធិបញ្ញា មានសារៈសំខាន់ និងជះឥទ្ធិពលដល់កត្តាសេដ្ឋកិច្ចសម្រាប់ជម្រុញការនាំចេញទំនិញ ឬ ផលិតផលទៅក្រៅប្រទេស ដោយឈរលើគោលការណ៍ប្រកួតប្រជែងដោយស្មោះត្រង់ មិនក្លែងបន្លំ និងលួចស្នាដៃកម្មសិទ្ធិបញ្ញាអ្នកដ៏ទៃ ដែលបានដាក់ពាក្យការពារតាមច្បាប់ រួចហើយ ។
ជាការឆ្លើយតប លោក António Campinos ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសហគមន៍អឺរ៉ុប បានបង្ហាញនូវជំហរក្នុងការសហការគាំទ្រ និងផ្តល់សារៈសំខាន់ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស និងនីតិវិធីមួយចំនួនបន្ថែមទៀត ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ កាន់តែមានភាពរលូត សម្រាប់ជាគំរូ ដោយកម្ពុជាជាប្រទេសទីមួយក្នុងអាស៊ាន ដែលបានធ្វើកិច្ចសហប្រតិបត្តិការផ្នែកប្រកាសនីយបត្រតក្កកម្ម ជាមួយប្រទេសជាច្រើន ដូចជា ៖ប្រទេសសឹង្ហបុរី ចិន កូរ៉េ ជប៉ុន សហភាពអឺរ៉ុប និងកំពុងត្រៀមធ្វើជាមួយសហរដ្ឋអាមេរិក ទៀតផង ។
លោកប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសហគមន៍អឺរ៉ុប ក៏បានអបអរសាទរចំពោះការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ ដែលមានការងារកាន់តែស៊ីជម្រៅផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតថ្មី ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!