លោក លី ធុជ អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីការគ្រោះថ្នាក់ដោយសារមីន នៅតាមសហគមន៍
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ចូលរួមពិធីរៀបចំដំឡើងផ្ទាំងប៉ាណូអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នៅស្រុកសំឡូត ខេត្តបាត់ដំបង និងផ្សព្វផ្សាយការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសាលាបឋមសិក្សាអភិវឌ្ឍន៍សំឡូត នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
ពិធីអប់រំផ្សព្វផ្សាយនេះ ក៏មានការចូលរួមពី លោកស្រី Natascha Paddison អនុប្រធានមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង ថ្នាក់ដឹកនាំអាជ្ញាធរមីន តំណាងក្រសួងអប់រំ យុវជន និងកីឡា ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ អាជ្ញាធរដែនដី លោកគ្រូ-អ្នកគ្រូ និងកងកម្លាំងប្រដាប់អាវុធ ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលរស់នៅតំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បង្កើនការប្រុងប្រយ័ត្ន និងចូលរួមផ្សព្វផ្សាយការយល់ដឹងអំពីការគ្រោះថ្នាក់ដោយសារមីន នៅតាមសហគមន៍។
ជាមួយគ្នានោះ លោក លី ធុជ ក៏បានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលបានរៀបចំដោយអង្គការ HALO Trust ស្ថិតក្នុងភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ផងដែរ។
សួមជម្រាបជូនថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ មានជនរងគ្រោះគោយសារមីន/សំណល់ជាតិផ្ទុះពីសង្រ្គាមមានចំនួន ៦៤.៨៥៥នាក់ ដោយនៅឆ្នាំ២០១៩ ប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន/ សំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ២៣ នាក់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ៥៨នាក់ គឺកើនឡើង ១៩នាក់ ត្រូវជា ៣៣%។
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ។ ជាមួយគ្នានោះ អាជ្ញាធរមីន បានសហការជាមួយអង្គការ UNICEF បានសម្រេចដំឡើងប៉ាណូចំនួន ១ ផ្ទាំង ដែលមានរូបភាព និងខ្លឹមសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីនតោន នៅពេលប្រើប្រាស់គ្រឿងចក្រក្នុតំបន់សង្ស័យ ព្រមទាំងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីដាស់តឿនបន្ថែមដល់ប្រជាពលរដ្ឋអោយចៀសវាងពីទង្វើ ដែលអាចនាំទៅរកគ្រោះថ្នាក់ជាយថាហេតុ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!