លោកស្រី ម៉ែន សំអន អំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនខ្មែរ ត្រូវរួមគ្នាថែរក្សាវប្បធម៌ជាតិ និងស្រឡាញ់អត្តសញ្ញាណជាតិ
លោកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ការរៀបចំសន្និបាតក្នុងពេលនេះ គឺស្ថិតនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ប្រជាជនកំពុងបានរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ដោយលោកស្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើវិស័យវប្បធម៌ ដោយចាត់ទុកវប្បធម៌ ជាប្រលឹងជាតិ ជាកោសិកានៃសង្គម និងជាអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបាន ដោយរាជរដ្ឋាភិបាល បានផ្តល់ជាអាទិភាពខ្ពស់ ចំពោះការងារវប្បធម៌ និងបេតិកភ័ណ្ឌ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍អភិរក្សដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយនិរន្តរភាព ។
លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឱ្យយុវជនខ្មែរទាំងអស់ ត្រូវចេះស្រឡាញ់អត្តសញ្ញាណជាតិ និងចូលរួមថែរក្សាការពារលើកតម្កើងបេតិកភ័ណ្ឌវប្បធម៌ តម្លៃវប្បធម៌ជាតិ ទំនៀមទំលាប់ប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា និងចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈទិវាវប្បធម៌ជាតិ មហោស្រពភាពយន្ត បន្តការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ និងការប្រលងប្រជែងស្នាដៃនានា ដូចជា ៖ ការសម្តែង ការនិពន្ធរឿង និងកំណាព្យ ដោយត្រូវអភិរក្សតាមក្បួនខ្នាតដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ ។
លោកស្រី ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តន៍ការងាររបស់មន្រ្តីរាជការក្រសួងវប្បធម៌ និងវិចត្រសិល្ប: និងបានផ្តល់អនុសាសន៍គន្លឹះសំខានៗមួយចំនួន សម្រាប់ការអនុវត្ត នាពេល អនាគត ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!