លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស ដែលពិធីបិទសន្និបាតនេះ បានធ្វើឡើងវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គសនិ្នបាតរបស់ក្រសួងការបរទេស ជាពិសេសចំពោះសមិទ្ធផលជាច្រើន ដែលក្រសួងបានខិតខំប្រឹងប្រែងទទួលបានជោគជ័យកន្លងមក ។ លោកនាយករដ្ឋមន្ត្រីបានបង្ហាញអំពីកិច្ចការសំខាន់ៗនៃទំនាក់ទំនងការបរទេសរបស់កម្ពុជា ជាមួយបណ្តាប្រទេសលើពិភពលោក ដោយលោកនាយករដ្ឋមន្ត្រី ថ្លែងថា នយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស គឺជាដៃទំាងពីរនៃខ្លួនប្រាណតែមួយ ដែលត្រូវការគ្នាទៅវិញទៅមក ជួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក ។ លោក បន្តថា ការកំណត់នយោបាយក្រៅប្រទេស គឺជាកិច្ចការរកលំនឹងដ៏លំបាករវាងការបំពេញកាតព្វកិច្ច ការទទួលខុសត្រូវជាអន្តរជាតិ និងការការពារផលប្រយោជន៍ជាតិខ្លួនឯង ។
នៅក្នុងឱកាសនោះ លោក ហ៊ុន សែន បានបន្ថែមទៀតថា ពាក្យស្លោក ”អរគុណសន្តិភាព” ដែលលោកបានបំផុសកន្លងទៅនេះ ដែលត្រូវបានទទួលស្វាគមន៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ និងក្លាយទៅជាចលនាដ៏ធំមួយនៅទូទាំងប្រទេស ដោយលោក គូសបញ្ជាក់ថា កម្ពុជានឹងបន្តរក្សាយ៉ាងម៉ុតមាំនូវឯករាជ្យភាពនៅរាល់សេចក្តីសម្រេចរបស់ខ្លួនលើបន្ទាត់នយោបាយ ក្នុង និងក្រៅប្រទេស ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសក្នុងវិស័យសន្តិសុខ និងការពារជាតិ ដោយគោរពនូវគោលនយោបាយ អព្យាក្រឹត្យភាព អចិន្ត្រៃយ៍មិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង ដោយកម្ពុជានឹងខិតខំបន្តពង្រឹងចំណងមិត្តភាព សហប្រតិបត្តិការ ទំនាក់ទនង និងភាពជាដៃគូល្អប្រសើរដែលមានស្រាប់ជាមួយប្រទេសជាមិត្តនានា ស្តារឡើងវិញនូវទំនាក់ទំនងសហប្រតិបត្តិការជាមួយមិត្តចាស់ និងស្វែងរកកសាងទំនាក់ទំនងល្អជាមួយមិត្តថ្មី ជាពិសេសនៅអឺរ៉ុបខាងកើត និងកណ្តាល នៅអាស៊ីកណ្តាល នៅអាហ្រ្វិក មជ្ឍឹមបូព៌ា និងអាមេរិកឡាទីន ផងដែរ ។
ជាមួយគ្នានេះ កម្ពុជានឹងរួមចំណែកកាន់តែសំខាន់ថែមទៀតក្នុងការកសាងសហគមន៍អាស៊ាន ដោយសំដៅបំរើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាស្នូល រក្សា និងពង្រឹងឯកភាព និងមជ្ឈភាពរបស់អាស៊ាន ហើយតាមរយៈអាស៊ានជំរុញ និងពង្រឹងទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដើម្បីការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច ។
លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួង មន្ត្រីការទូតកម្ពុជាទាំងអស់បន្តប្រឹងប្រែងបង្កើនចំណេះដឹង លើកកម្ពស់សមត្ថភាពវិភាគស្រាវជ្រាវព័ត៌មាន ពិសេសពាក់ព័ន្ធនឹងភូមិសាស្ត្រ-នយោបាយ ភូមិសាស្ត្រ-យុទ្ធសាស្ត្រ និងភូមិសាស្ត្រ-សេដ្ឋកិច្ច តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ក៏បានអរគុណប្រទេសជាមិត្តនានាដែលបានផ្តល់ជំនួយនិងកិច្ចសហប្រតិបត្តិការល្អក្នុងការជួយអភិវឌ្ឍធនធានមនុស្សតាមរយៈអាហារូបករណ៍ ទស្សនកិច្ចសិក្សា ការផ្លាស់ប្តូរបទពិសោសន៍ ការរៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការផ្តល់បាឋកថា ចែករំលែកចំណេះដឹង និងទស្សនទាននានា ។
ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រី បានប្រកាសជាផ្លូវការនូវការទទួលធ្វើជាម្ជាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ផងដែរ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កិច្ចប្រជុំកំពូល ASEM លើកទី១៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងការទូតធំបំផុតសម្រាប់កម្ពុជា ។ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏ប្រសើរបំផុតសម្រាប់កម្ពុជាបញ្ជាក់ក្នុងកំរិតខ្ពស់បំផុតនូវការបេ្តជ្ញារបស់ខ្លួនចំពោះការពង្រឹងប្រព័ន្ធពហុភាគីនិយម ការចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ពិភពលោក ក្នុងការដោះស្រាយការប្រឈមជាសកល និងការចូលរួមស្វែងរកកាលានុវត្តភាពក្នុងការធ្វើឱ្យប្រសើរនូវសេដ្ឋកិច្ចពិភពលោក។ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដែលនឹងប្រមូលផ្តុំមេដឹកនាំមកពី ៥១ប្រទេស និងប្រធានស្ថាប័នតំបន់២ ព្រមជាមួយការចាត់តាំងរៀបចំព្រឹត្តិការណ៍ចំនួន៧ទៀតនោះ គឺទាមទារកិច្ចប្រឹងប្រែងថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាភស្តុភារ ហរិញ្ញវត្ថុ បច្ចេកទេស ទីតាំង ពិធីការ និងការធានាសន្តិសុខខ្ពស់បំផុត ដោយកម្ពុជាប្តេជ្ញានឹងសម្រេចកិច្ចការនេះប្រកបដោយកិត្តិយស និងជោគជ័យ ។
សូមជម្រាបជូនថា តាមរបាយការណ៍របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានទំនាក់ទំនងការទូត ជាមួយប្រទេសចំនួន១៧៤ នៅលើពិភពលោក ហើយមានស្ថានតំណាងប្រចាំបរទេសចំនួន៦៣។ តាមរយៈទិសស្លោក «កែទម្រង់ផ្ទៃក្នុង និងបង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យជាតិ» ដែលលោកនាយករដ្ឋមន្ត្រី បានដាក់ចេញ ពិតជាសមស្របបំផុតទៅនឹងការងាររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!