រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ក្នុងឆ្នាំ២០១៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាង៥ពាន់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ
ក្នុងវេទិការលើកទី៤ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា ក្នុងឆ្នាំ២០១៩ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាង៥ពាន់បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។
នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ក្នុងវេទិការលើកទី៤ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លោក ស ខេង នាយករដ្ឋមន្ដ្រីស្តីទី បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០១៩ នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជី នៅក្រសួងមហាផ្ទៃចំនួន៥.៥៦៤ ដែលក្នុងនោះមាន ៖ សមាគមចំនួន ២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៣១៦ ។
លោក ស ខេង បានលើកឡើងថា អង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាព ក្នុងវិស័យកំណែទម្រង់នានាជាច្រើនរបស់រដ្ឋ ដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន ជាដើម។
លោករដ្ឋមន្ត្រី ស ខេង បានរំលឹកដែរថា បន្ទាប់ពីច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលជាធរមាន សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកសរុប ចំនួន ៩៦៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ក្នុងនោះ សមាគមចំនួន៤៧១ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៤៩៥ ។ ដោយឡែក ក្នុងឆ្នាំ២០១៩ នេះដែរ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣៨ ត្រូវបានលុបឈ្មោះចេញតាមសំណើរបស់សាម៉ីសមាគម និងអង្គការ ផងដែរ ដែលស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ។
តែទោះបីជាយ៉ាងនេះក្តី លោក ស ខេង គូសបញ្ជាក់ថា ចំនួននៃការបង្កើតសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកថ្មីប្រចាំខែនីមួយៗ មិនមានការថយចុះឡើយ ដែលជាមធ្យមក្នុងមួយខែមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចុះបញ្ជីនៅក្រសួងប្រហែលចំនួន ២០៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!