កម្ពុជា ស្នើសុំឲ្យអាល្លឺម៉ង់បង្កើនការជួយលើវិស័យមីនបន្ថែមទៀត ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២០ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក ស៊ី.ជី. គ្រីសចាន ប៊ែរហ្គ័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានលើកសរសើរចំពោះរចនាសម្ព័ន្ធ និងការចាត់តាំងដ៏ល្អសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានលើកអំពីសារសំខាន់ដែលរដ្ឋាភិបាលអាល្លឺម៉ង់ បន្តផ្តល់ជំនួយលើវិស័យនេះ គឺផ្តោតទៅលើការជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ នៅមូលដ្ឋានពិតប្រាកដដែលជាគ្រឹះនៃសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក លី ធុជ បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ការគាំទ្រ តាមរយៈផ្តល់ជំនួយលើការងារបោសសម្អាតមីន នាពេលកន្លងមក និងស្នើសុំឲ្យអាល្លឺម៉ង់បង្កើនការជួយលើវិស័យមីនបន្ថែមទៀត ដើម្បីកម្ពុជាអាចសម្រេចបាននូវគោលដៅ គ្មានមីនត្រឹមឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា គិតពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ អាល្លឺម៉ង់ ផ្តល់ថវិកាជំនួយលើវិស័យសកម្មភាពមីននៅកម្ពុជាប្រមាណជិត៦លានអឺរ៉ូ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!