លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ បន្តចូលរួមពង្រឹងជំហរក្នុងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាល
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ បន្តចូលរួមពង្រឹងជំហរក្នុងភាពជាដៃគូរជាមួយរាជរដ្ឋាភិបាល អោយកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព បន្ថែមទៀត ។
ក្នុងពិធីបើកវេទិកាលើកទី៤ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលទាំងអស់ ត្រូវបន្តចូលរួមក្នុងវិស័យកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបតែបានផ្ទេរមុខងារចំនួន ៥៥ មុខងារ ក្នុងវិស័យចំនួន១៨ រួមទាំងធនធានចាំបាច់នានាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រង និងចាត់ចែងមុខងារ និងធនធានទាំងនោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
លោក ស ខេង បន្តថា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សួមបន្តចូលរួម និងគាំទ្រនៅក្នុងដំណើរការកំណែទម្រង់ទាំងអស់នេះ តាមរយៈការជួយកសាងសមត្ថភាពដល់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការបន្តពង្រឹងយន្តការគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការពង្រឹងភាពជាម្ចាស់របស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានលើកឡើងដែរថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួន ឱ្យបានត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាច្បាប់ និងលិខិតបទដ្ឋានគតិយុត្ តនានាជាធរមាន ផងដែរ ។
លើសពីនេះ លោករដ្ឋមន្ត្រី បានជម្រុញអោយអង្គការសង្គមស៊ីវិល ត្រូវចៀសវាងជាដាច់ខាតនូវសកម្មភាពទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងប្រាក់កខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធប្រល័យលោក ដើម្បីចៀសផុតពីការធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងទទួលបច្ច័យជាអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងបញ្ហានយោបាយ ជាដើម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!