ក្រសួងកិច្ចការនារី ស្នើស្ថានទូតស៊ុយអែត បន្តជួយធ្វើយុទ្ធនាការបុរសល្អ ក្នុងការអោយតម្លៃទៅលើស្ត្រី
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានជួបពិភាក្សាការងារជាមួយលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការ លើវិស័យសមភាពយេនឌ័រ ក្នុងការលើកស្ទួយឲ្យមានភាពស្មើគ្នា រវាងបុរស និងស្ដ្រី ។
ក្នុងជំនួបការងារជាមួយលោកឯកអគ្គរាជស៊ុយអែតប្រចាំនៅកម្ពុជា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកឡើងថា ប្រទេសស៊ុយអែតតែងតែបានផ្ដល់ជំនួយដល់ក្រសួងកិច្ចការនារី តាមរយៈអង្គការយូអិនឌីភី ទៅលើគម្រោង «ដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ»។
លោកស្រីរដ្ឋមន្ត្រី ក៏បានចែករំលែកនូវបទពិសោធន៍ ដែលកន្លងមក ក្រសួងកិច្ចការនារីបានធ្វើការផ្លាស់ប្ដូរឥរិយាបថ ក្នុងការឲ្យតម្លៃស្ត្រីនៅកម្ពុជា ពីសំណាក់បុរស ហើយលោកស្រី ក៏បានស្នើឲ្យស្ថានទូតស៊ុយអែត បន្តជួយធ្វើយុទ្ធនាការបុរសល្អ បន្ថែមទៀត ដោយកិច្ចការនេះ ផ្តោតទៅលើយុវជន ព្រោះងាយស្រួលនៅក្នុងការផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ ក្នុងការឲ្យតម្លៃទៅលើស្ត្រី។
ដោយឡែកភាគីស៊ុយអែត ឆ្លើយតបវិញថា រដ្ឋាភិបាលស៊ុយអែត មានគោលនយោបាយស្ត្រីនិយម គឺមានសមភាពយេនឌ័រ រវាងបុរសនិងស្ត្រី ក្នុងនោះ ស៊ុយអែត ចង់ជួយកម្ពុជា ឲ្យបុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ដូច្នេះហើយបានស៊ុយអែត បានជួយក្រសួងកិច្ចការនារី តាមរយៈគម្រោង «ដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័រ» នេះ។
ក្នុងនោះ សម្រាប់ការស្នើសុំអោយមានការជួយលើយុទ្ធនាការបុរសល្អនោះ លោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែត បានបង្ហាញការរីករាយ និងសហការជាមួយនៅកម្ពុជា ទៅលើយុទ្ធនាការនេះ ដោយបានទទួលយកសំណើរ ហើយនឹងពិភាក្សាលម្អិតបន្ថែមទៀត ហើយក្នុងនោះ ស៊ុយអែតជាប្រទេស ដែលមានគោលនយោបាយស្ត្រីនិយម ហើយចង់ឲ្យប្រទេសកម្ពុជា មានគោលនយោបាយនេះផងដែរ ក្នុងន័យនេះ លោកបានបង្ហាញការរីករាយ នៅក្នុងការសហការ ជួយដល់កម្ពុជា លើវិស័យសមភាពយេនឌ័រនេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!