នៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ថា តើត្រូវដកហូត ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ EBA បន្តទៀតឲ្យកម្ពុជា
នៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ជាពេលវេលាកំណត់ របស់សហភាពអឺរ៉ុប ក្នុងការសម្រេចចិត្តជាចុងក្រោយ ថា តើត្រូវដកហូត ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ EBA បន្តទៀតឲ្យកម្ពុជា ខណៈ សហជីព មើលឃើញថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខ លើកលែងតែអាវុធ នឹងធ្វើអោយប៉ះពាល់ផលប្រយោជន៍កម្មករ ក្នុងវិស័យវាយណភណ្ឌនៅកម្ពុជា យ៉ាងធ្ងន់ធ្ងរ ។
នៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ ជាពេលវេលាកំណត់របស់សហភាពអឺរ៉ុប ក្នុងការសម្រេចចិត្ត ជាចុងក្រោយ ក្នុងការត្រូវដកហូត ឬរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ លើកលែងតែអាវុធ EBA បន្តទៀតឲ្យកម្ពុជា ដែល EBA នេះ បានធ្វើឲ្យកម្ពុជា ចំណេញពន្ធនាំទំនិញ ចូលទៅសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ ។
ខណៈជិតដល់ថ្ងៃប្រកាស លទ្ធផលជាចុងក្រោយនេះ លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានលើកឡើងថា ប្រសិនបើសហភាពអឺរ៉ុបសម្រេចចិត្តដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា មែននោះ អ្នករងផលប៉ះពាល់មុនគេ គឺជាកម្មករ កម្មការនី ដែលបម្រើការងារក្នុងវិស័យវាយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅកម្ពុជា ដែលមានប្រមាណជាង ១ លាននាក់ ខណៈដែលលក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដែលដាក់អោយកម្ពុជា កន្លងមក ហាក់មិនបានទទួលការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជា ជាវិជ្ជមានណាមួយ នៅឡើយនោះ ។ សំឡេង៖
ដោយឡែក ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា លោក ហ្វា សាលី បានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខ លើកលែងតែអាវុធ EBA មិនមែនជាការផ្ដល់អោយរបស់សហភាពអឺរ៉ុប ដល់កម្ពុជា នូវទឹកប្រាក់ចំនួនប្រមាណ ៦០០ លានដុល្លា នោះទេ ប៉ុន្តែជាការលើកលែងពន្ធនាំចូល ដែលជាបន្ទុករបស់អ្នកបញ្ជាទិញ ឬក្រុមហ៊ុននាំចូល ប៉ុណ្ណោះ មិនមែនជាបន្ទុករបស់និយោជិត ឬអ្នកផលិតនៅក្នុងប្រទេសកម្ពុជា ឡើយ ។ សំឡេង៖
ជាមួយគ្នានេះ លោក ហ្វា សាលី ក៏បានបង្ហាញនូវការរំពឹងទុកថា សេចក្ដីសម្រេចចិត្តរបស់សហភាពអឺរ៉ុប លើបញ្ហា EBA នៅថ្ងៃទី ១២ ខែ កុម្ភៈ ស្អែកនេះ គឺសហភាពអឺរ៉ុប នឹងមិនដកនោះឡើយ ដោយសហភាពអឺរ៉ុប នឹងបន្តរក្សាទុក ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជា បន្តទៀត ដោយលោក គូសបញ្ជាក់ថា បញ្ហា EBA នេះ មិនមែនជាបញ្ហានយោបាយ ឬពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស អ្វីនោះឡើយ ប៉ុន្តែជាការប្រឈមលើនយោបាយការបរទេសសវាងកម្ពុជា និងសហភាពអឺរ៉ុប ខណៈដែលកម្ពុជា កំពុងមានទំនោរ និងទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយមហាអំណាចយក្សចិន ក្នុងរយៈពេលចុងក្រោយនេះ ដែលជាហេតុធ្វើអោយមានបញ្ហាប្រឈមមួយចំនួន រវាងកម្ពុជា និងសហភាពអឺរ៉ុប ។ សំឡេង៖
នៅក្នុងនោះដែរ តាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា នៅក្នុងខែមីនា ខាងមុខ អាចនឹងមានរោងចក្រកាត់ដេរមួយចំនួននៅកម្ពុជា ព្យួរការងារកម្មករ ដោយសារខ្វះក្រណាត់ដេរ ពីព្រោះលែងមានការបញ្ជូនក្រណាត់ដែលជាវត្ថុធាតុដើមចេញពីប្រទេសចិន ចាប់តាំងពីប្រទេសនេះបានផ្ទុះនូវវីរុសកូរ៉ូណាមក ដោយលោក ហេង សួរ បញ្ជាក់ថា វាមិនមែនមកពីឥទ្ធិពលរបស់ EBA នោះទេ។
ជាមួយគ្នានេះ កាលពីថ្ងៃទី ១០ ខែកុម្ភៈ ម្សិលមិញ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏បានថ្លែងបញ្ជាក់ដូចគ្នា នឹងលោក ហេង សួរ ផងដែរ ពាក់ព័ន្ធនឹងការផ្អាកការបញ្ជូនវត្ថុធាតុដើមមួយចំនួនពីប្រទេសចិន ខណៈដែលប្រទេសចិនកំពុងផ្ទុះជំងឺវីរុសកូរ៉ូណា ដោយលោក លើកឡើងថា មិនមានអ្វីពាក់ព័ន្ធផ្សេងក្រៅពីនេះ នោះឡើយ កុំអោយមានការផ្សព្វផ្សាយណា ប្រាកចាកពីនេះ ។ សំឡេង៖
តែយ៉ាងណាក្ដី ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទាំងពីរនេះ ត្រូវបានលោក រ៉ុង ឈុន មើលឃើញថា គ្រាន់ជាការបិទបាំងការពិត ប៉ុណ្ណោះ តែជាក់ស្ដែងនោះ ការព្យួរការងារកម្មកររបស់រោងចក្រមួយចំនួននៅកម្ពុជា គឺបណ្ដាលមកពីឥទ្ធិពលរបស់ EBA យ៉ាងពិតប្រាកដ ដែលនឹងធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ ប្រសិនបើ EBA ត្រូវបាត់បង់មែននោះ ។ សំឡេង៖
គួរកត់សម្គាល់ដែរថា នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៦ កុម្ភៈ កន្លងទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផាន បានលើកឡើងថា EBA គឺគ្រាន់តែជាព្រឹត្តិការណ៍នយោបាយប៉ុណ្ណោះ មិនមែនជាបិសាចដូចវីរុសកូរ៉ូណាទេ ដូច្នេះរាជរដ្ឋាភិបាលបានត្រៀមខ្លួន ទទួលយករួចជាស្រេច ក្នុងការឆ្លើយតបចំពោះការដក ឬមិនដក EBA នេះហើយ ។
លោក ផៃ ស៊ីផាន សង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមលក្ខណៈ ក្នុងការបាត់បង់ EBA ពីសហភាពអឺរ៉ុបរួចស្រេច ដោយលោក អះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជា មានការកើនឡើងខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ បើក្នុងករណីសហភាពអឺរ៉ុបផ្ដាច់EBA ចេញពីកម្ពុជាមែន គឺរាជរដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វែងរកទីផ្សារ ពីបណ្ដាប្រទេសផ្សេងៗ ដោយសារកម្ពុជា ជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ផងដែរនោះ ។
តែយ៉ាងណាក្ដី លោក ចាន់ សុខទី អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស បានបង្ហាញក្ដីសង្ឃឹមថា ឆ្នាំ២០២០នេះ ការនាំចេញអង្ករទៅទីផ្សារអឺរ៉ុប នឹងមានកំណើន ខណៈឆ្នាំ២០១៩ កម្ពុជាបាននាំអង្ករចេញទៅទីផ្សារសហភាពអឺរ៉ុប ប្រហែល២០ម៉ឺនតោន ដែលចំនួននេះឃើញថា មានការធ្លាក់ចុះប្រហែលជាង ២៥% ដោយមូលហេតុធ្លាក់ចុះ ដោយសារសហភាពអឺរ៉ុប ចាប់ផ្ដើមអនុវត្តន៍វិធានការការ ក្នុងការតម្រូវអោយអង្ករកម្ពុជានាំចូលទៅសហភាពអឺរ៉ុប ត្រូវបង់ពន្ធក្នុង១តោន ប្រហែល២០០ដុល្លារ ។
សូមជម្រាបជូនថា តាមគម្រោងការប្រកាសដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ពីប្រទេសកម្ពុជា ដោយសហភាពអឺរ៉ុប គឺនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃពុធទី ១២ ខែកុម្ភៈ ស្អែកនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានចាប់ផ្ដើមនីតិវិធីដកតាំងពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ ស្ថាប័នអន្តរជាតិដែលបណ្តុំទៅដោយប្រទេសចំនួន ២៨ នេះបានលើកឡើងថា លទ្ធផលនៃការដក ឬមិនដក EBA គឺអាស្រ័យទៅលើស្ថានភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!