អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវអោយខេត្តជាប់ព្រំដែន បង្កេីនការទប់ស្កាត់រាល់បទល្មេីសគ្រប់ទម្រង់
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពាវនាវអោយខេត្តជាប់ព្រំដែន បង្កេីនការទប់ស្កាត់រាល់បទល្មេីសគ្រប់ទម្រង់ ។
ក្នុងកិច្ចប្រជុំលទ្ធផលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃការិយាល័យទំនាក់ទំនងព្រំដែន (BLO)ចំនួន១៤ ក្នុងខេត្តចំនួន១១ ឆ្នាំ២០១៩ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវទៅដល់អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបង្កេីនការយកចិត្តទុកដាក់ ដេីម្បីធ្វេីការបង្ក្រាបបទល្មេីសគ្រប់ទម្រង់ ជាពិសេសធ្វេីឲ្យព្រំដែនមានសន្ដិភាព និងការអភិវឌ្ឍ ។
ដោយឡែក លោក ហេង ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការិយាល័យទំនាក់ទំនងព្រំដែន BLOs ខ្លះមានស្ថានភាពប្រកបដោយសន្ដិភាព ហើយក៏មានទីតាំងការិយាល័យ BLOs ខ្លះមានស្ថានភាពពិបាកខ្លាំង ជាពិសេស ការិយាល័យ BLOs មានភ្លើងអគ្គិសនី ប្រព័ន្ធអ៊ីនធើណែត និងប្រព័ន្ធទូរស័ព្ទ៣G ដើម្បីប្រើប្រាស់ជាប្រចាំ។ ជាងនេះទៅទៀត ការិយាល័យ BLOs មានស្លាកសញ្ញាសម្គាល់នៃការិយាល័យ BLOs ដែលឧបត្ថម្ភដោយ អង្គការ UNODC ផងដែរ ។
លោក ហេង ច័ន្ទដារ៉ា អះអាងថា មានអភិបាលខេត្តមួយចំនួន មិនយកចិត្តទុកដាក់ទៅលើទីតាំងការិយាល័យ BLOs ព្រមទាំងមិនជួយឧបត្ថម្ភថវិកាទៅដល់ការិយាល័យ BLOs នោះឡើយ ប៉ុន្តែ ក្រោយពីទទួលបានសេចក្ដីសម្រេច ពីការកែសម្រួលសមាសភាព តួនាទី និងភារកិច្ចការិយាល័យ BLOs ពីលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន មក រដ្ឋបាលថ្នាក់ខេត្ត និងសមាជិក BLOs ទាំងអស់ បានយល់ច្បាស់អំពីតួនាទី និងភារកិច្ចរៀងៗខ្លួន ។
សូមជម្រាបថា បច្ចុប្បន្ននេះ ការិយាល័យទំនាក់ទំនងព្រំដែន (BLOs) មាន១៩ ទីតាំង ស្ថិតនៅខេត្តចំនួន១៣ តាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម ដោយការិយាល័យ BLOs មានភារកិច្ចសហការជាមួយខេត្តប្រទេសជាប់ព្រំដែន ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ បង្ក្រាបការចរាចរគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗផងដែរ ។ ពិសេសការិយាល័យ BLOs មានតួនាទីសម្របសម្រួលការងារពាក់ព័ន្ធ ភូមិ ឃុំសង្កាត់ គ្មានគ្រឿងញៀន នៅតាមព្រំដែន ទៀតផង ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!