ក្រសួងមហាផ្ទៃ បន្តប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ
នៅទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ក្រោមវត្តមានរបស់លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសមាជិក សមាជិកាថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធជាច្រើន ផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោក ងី ច័ន្ទ្រផល បានអោយដឹងថា កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិភាក្សារកមូលដ្ឋានរួមក្នុងការបំពេញបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ នៃដំណើរការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ ដោយលោក លើកឡើងថា ប្រទេសកម្ពុជា បានចូលជាសមាជិក នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយក្នុងនោះប្រទេសកម្ពុជា ត្រូវអនុវត្តន៍តាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលទាក់ទងទៅនឹងការតាមដាន និងលុបបំបាត់ការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានភេរវកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វីក ផងដែរ។
លោក ងី ច័ន្ទ្រផល បានបន្ថែមថា នៅឆ្នាំ២០១០ កម្ពុជាក៏ទទួលបានអនុសាសន៍ពីក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATE) ថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនលើការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលមិនទាន់បានស្របតាមស្តង់ដារអន្តរជាតិ និងបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលកម្ពុជា គួរមានការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីអនុវត្តន៍ការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ក្នុងគោលដៅប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធ ក៏ដូចជាក្នុងការអនុវត្តវិធានការនានា ។
លោករដ្ឋលេខាធិការរូបនេះ គូសបញ្ជាក់ថា តាមរយៈអនុសាសន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកមកសិក្សាពិចារណា និងបានសម្រេចបង្កើតគណៈកម្មការក្រុមការងាររៀបចំតាក់តែងបង្កើតច្បាប់ថ្មី ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីឱ្យសមស្របតាមគោលការណ៍យុទ្ធសាស្រ្តរបស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក លើការងារការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ។
សូមជម្រាបថា ច្បាប់ស្តីពីការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធមហាប្រល័យ មាន៧ជំពូក និង២៥មាត្រា ដោយច្បាប់នេះមានគោលបំណងដាក់ចេញវិធានការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធប្រល័យលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ លើសពីនេះទៀត ច្បាប់នេះ មានគោលដៅកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ហិរញ្ញប្បទានការរីកសាយភាយអាវុធប្រល័យលោកនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!