ឯកអគ្គរដ្ឋទូតបេឡារុស ថ្លែងថា ប្រទេសបេឡារុស នឹងពិនិត្យលទ្ធភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជា
លោក Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅប្រទេសវៀតណាម បានថ្លែងថា បេឡារុស កំពុងពិនិត្យលទ្ធភាពស្វែងរកឱកាសបង្កើននូវការវិនិយោគនៅប្រទេសកម្ពុជា បន្ថែមទៀត ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ លោក Vladimir Goshin ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំនៅកម្ពុជា បានចាត់ទុកកម្ពុជា ជាប្រទេសដ៏មានសារៈសំខាន់នៅក្នុងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ទាំងលើការទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច ។
លោកឯកអគ្គរដ្ឋទូតបេឡារុស យល់ឃើញថា បេឡារុស-កម្ពុជា ត្រូវបន្ដពង្រីក និងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅលើគ្រប់វិស័យ ជាពិសេស វិស័យសេដ្ឋកិច្ច ។
ក្នុងជំនួបនោះដែរ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងគាំទ្រចំពោះ បេឡារុស ដែលមានបំណងស្វែងរកការវិនិយោគនៅប្រទេសកម្ពុជា និងបានចាត់ទុក បេឡារុស ជាមិត្តចាស់របស់កម្ពុជាក្នុងការបន្ដពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងក្លាថែមទៀត ។
ជាមួយគ្នានេះ លោក ស ខេង ក៏បានស្នើឲ្យ បេឡារុស ពិនិត្យលទ្ធភាពបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងក្រសួងមហាផ្ទៃ ជាមួយស្ថាប័នពាក់ព័ន្ធរបស់បេឡារុស នៅលើវិស័យនគរបាលជាតិ ផងដែរ។
ជាការឆ្លើយតប លោក Vladimir Goshin បានឯកភាពចំពោះការលើកឡើងរបស់លោក ស ខេង ក្នុងការបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ ជាមួយនឹងក្រសួងកិច្ចការផ្ទៃក្នុងរបស់បេឡារុស តាមរយៈការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរអាចពិនិត្យមើលលើកិច្ចការពាក់ព័ន្ធនានា ដូចជា ៖ ការងារប្រយុទ្ធប្រឆាំងនៅឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសផ្សេងៗ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!