លោក មាស សុភា ជម្រុញអោយ រដ្ឋបាលខេត្តព្រះវិហារ បន្តដោះស្រាយបញ្ហាដីធ្លី អោយមានប្រសិទ្ធភាព
លោក មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ជម្រុញអោយរដ្ឋបាលខេត្ត បន្តខិតខំដោះស្រាយបញ្ហាដីធ្លី បញ្ហការកំណត់ដីព្រៃសហគមន៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព អោយកាន់ប្រសើរឡើងថែមទៀត ។
ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះវិហារ លោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានថ្លែងការកោតសសើរចំពោះការខិតខំបំពេញការងារ និងការអភិវឌ្ឍខេត្តមានការរីកចំរើនជាលំដាប់ ។
លោក មាស សុភា ក៏បានគូសបញ្ជាក់អំពីសភាពការណ៍ថ្មិៗ ជាពិសេស ជំងឺដែលកំពុងរាលដាលដល់កម្ពុជា គឺវីរុសកូវីដ១៩ ព្រមទាំងការងារមួយចំនួនដែលនឹងខិតខំធ្វើ ពាក់ព័ន្ធការបោះបង្គោលព្រំដែន ជាមួយប្រទេសឡាវ ដែលនៅសេសសល់ ការងារសាងសង់ស្ពាននៅទន្លេរល្ពៅ និងពន្លឿនការបើកច្រកទ្វាព្រំដែនជាប្រទេសឡាវ រួមទាំងការជម្រុញការបើកច្រកទ្វាព្រំដែនអានសេះ អានម៉ា អោយយក្លាយជាច្រកអន្តរជាតិ ។
ជាមួយគ្នា លោក មាស សុភា បានស្នើសុំរដ្ឋបាលខេត្តបន្តខិតខំដោះស្រាយបញ្ហាជម្លោះដីធ្លី បញ្ហការកំណត់ដីព្រៃសហគមន៍ និងការបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ផងដែរ ដោយលោក បានណែនាំនូវទិសដៅអនុវត្តន៍ការងារបន្ត មួយចំនួន រួមមាន ៖
១. ការពារសុខសន្តិភាព ដោយបង្កើនការពង្រឹង និងទប់ស្កាត់ការបង្កអោយមានចលាចលសង្គម បដិវត្តន៍ពណ៌ ទប់ស្កាត់ព័ត៌មានមិនពិត និងបកស្រាយព័ត៌មានពិតជូនសាធារណជន និងប្រជាពលរដ្ឋ។
២.បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តបំផុសយុវជនអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។
៣.គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបការងារ តាមដាន វាយតម្លៃសភាពការណ៍មូលដ្ឋានរបស់ខ្លួន ជម្រុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន អោយចៀសវាងការជួយញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងបន្តចាត់វិធានការអោយបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព។
៤. បន្តរឹតបន្ទឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនផ្សព្វផ្សាយច្បាប់ ការដាក់តាំងស្លាកសញ្ញាចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
៥.ពង្រឹងការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិអោយមានប្រសិទ្ធភាពខ្ពស់ ។
៦.ជម្រុញការកសាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការខិតខំប្រឹងប្រែងលើការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង។
៧.ខិតខំពង្រឹងយន្តការផ្តល់ច្បាប់ និងការពិនិត្យគុណភាពសំណង់ សណ្តាប់ធ្នាប់សំណង គ្រប់គ្រងសំរាម និងណែនាំប្រជាពលរដ្ឋចូលរួមអនាម័យ បន្តខិតខំការដាំកូនឈើតាមដងផ្លូវ សួនច្បារ ទីសាធារណៈលើកកម្ពស់សោភណភាពទីក្រុងអោយមានស្រស់បំព្រង។
៨.ការស្វែងរកក្រុមហ៊ុនដៃគូ ក្នុងការរៀបចំប្លង់គោលអភិវឌ្ឍន៍ក្រុង និងទីប្រជុំជន អោយក្លាយជាទីក្រុងវៃឆ្លាត។
៩. ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ត្រូវពង្រឹងអនុវត្តន៍ការផ្ដល់សេវាសុខាភិបាល ពង្រឹងការអនុវត្តការងារអោយមានល្អប្រសើរ ធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឆាប់រហ័ស និងមានប្រសិទ្ធភាព។
១០.ជម្រុញណែនាំ តាមដាន ត្រួតពិនិត្យ ដល់រដ្ឋបាលក្រុងស្រុក អោយយពង្រឹងភាពជាម្ចាស់ការតាមរចនាសម្ព័ន្ធថ្មី ការគ្រប់គ្រងមន្រ្តី ខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!