អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា អាកាសធាតុក្តៅ ការវាយលុករបស់មេរោគខូវីដ ១៩ នៅតែមានដដែល ប៉ុន្តែអាកាសធាតុត្រជាក់នឹងអំណោយផលដល់ការវាយលុករបស់ជំងឺកូវីដ១៩ កាន់តែខ្លាំង
អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា អាកាសធាតុក្តៅ ការវាយលុករបស់មេរោគខូវីដ ១៩ នៅតែមានដដែល ប៉ុន្តែអាកាសធាតុត្រជាក់នឹងអំណោយផលដល់ការវាយលុករបស់ជំងឺកូវីដ១៩ កាន់តែខ្លាំង ។
ថ្លែងក្នុងសន្និសីទសារព៍ត៌មាន ស្ដីពី បច្ចុប្បន្នភាព នៃជំងឺខូវីដ ១៩ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២០ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងនូវការដាស់តឿនជាថ្មី ថា អាកាសធាតុក្តៅមិនអាចបង្អាក់ការរីករាលដាលជំងឺកូវីដ១៩ បាននោះឡើយ ក្នុងន័យនេះ លោកស្រី បញ្ជាក់ថា អាកាសធាតុក្តៅ ការវាយលុករបស់មេរោគនេះនៅតែមានដដែល ប៉ុន្តែអាកាសធាតុត្រជាក់នឹងអំណោយផលដល់ការវាយលុករបស់ជំងឺកូវីដ១៩ កាន់តែខ្លាំង។
លោកស្រី ឱ វណ្ណឌីន បានដឹងទៀតថា នៅបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសនៅតំបន់ត្រូពិក ដែលមានអាកាសធាតុក្ដៅបង្គួរ សុទ្ធតែមិនអាចជៀសផុតពីការឆ្លងជំងឺកូវីដ១៩ នោះឡើយ ដូច្នេះមេរោគនៃជំងឺនេះមិនប្រកាន់ថាអាកាសធាតុក្ដៅ ឬត្រជាក់នោះទេ ប៉ុន្តែគ្រាន់តែនៅក្នុងអាកាសធាតុត្រជាក់ ការវាយលុករបស់ជំងឺកូវីដ១៩ គឺខ្លាំងជាងនៅក្នុងអាកាសធាតុក្ដៅ ។ សំឡេង ៖
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ដែរថា មូលហេតុដែលប្រទេសកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ គឺដោយសាររាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ហើយទាំងអស់គ្នាបានចូលរួមទប់ស្កាត់ការរីករាលដាលនេះយ៉ាងសកម្ម ផងដែរ ។ សំឡេង ៖
ជាមួយគ្នានេះ តំណាងអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា បណ្ដាប្រទេសដែលមានការរីករាលដាលច្រើន គឺមកពីមានការរីករាលដាលចូលទៅក្នុងសហគមន៍ ។ តែយ៉ាងណា តំណាងអង្គការសុខភាពពិភពលោក លើកឡើងថា កម្ពុជាទើបចាប់ផ្ដើមនៃការរីករាលដាលនៃជំងឺកូវីដ១៩ នោះទេ ដូច្នេះហើយទើបក្រសួងសុខាភិបាល បានបន្តដាស់តឿនអោយប្រជាពលរដ្ឋគ្រប់គ្នាត្រូវប្រកាន់នូវការប្រុងប្រយ័ត្នខ្ពស់ ជានិច្ច និងបន្តអនុវត្តន៍វិធានការ ក៏ដូចជាបទបញ្ជានានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីជៀសផុតពីការរីករាលដាលនារដូវវស្សាខាងមុខនេះ ។ សំឡេង ៖
សូមបញ្ជាក់ថា មកដល់ត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១២២នាក់ ពលរដ្ឋខ្មែរ ៥១នាក់ ជនបរទេស៧១នាក់ ។ នៅក្នុងនោះ អ្នកព្យាបាលជាកើនដល់ ១១០នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១២នាក់ប៉ុណ្ណោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!