រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្អាកកាងារបណ្ដោះអាសន្នរបស់លោកផ្កាយមួយ ស្រេង សុខា
លោក ស ខេង សម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ចំពោះលោកផ្កាយមួយ ស្រេង សុខា ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ត្រី ស្រេង សុខា ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងបានតម្រូវអោយលោកត្រូវទៅបង្ហាញខ្លួននៅនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ ដេីម្បីរង់ចាំការសម្រេចជាថ្មី ។
គួររឹលឹកដែរថា លោក ស្រេង សុខា កន្លងមកមានរឿងមិនចេះចប់ មិនចេះហើយ ដោយបានបង្ហាញអំណាច បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ភាពហឺហា ហើយអង្គភាពប្រឆាំងអំពើពុករលួយក៏ធ្លាប់បានស៊ើបអង្កេតលើភាពមិនប្រក្រតីមួយចំនួនរបស់លោក ស្រេង សុខា ផងដែរ ប៉ុន្តែត្រូវបានរួចខ្លួន ដោយការស្រាវជ្រាវរកមិនឃើញថាលោកប្រព្រឹត្តអំពើពុករលួយ នោះឡើយ ។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក ម៉ៅ ភិរុណ ក៏ធ្លាប់បានស្នើអោយលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ពិចារណា និងស៊ើបអង្កេតបន្ថែម ដើម្បីធ្វើយ៉ាងណា ដកតំណែងលោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល អោយបាន ដោយហេតុថា លោក ស្រេង សុខា យកឈ្មោះលោក ទៅកុហកចៅសង្កាត់រកាខ្ពស់ អោយកាត់ដីរដ្ឋជាង ២០ហិកតា ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!