រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានអោយដឹងថា អង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា បានធ្វើសកម្មភាពផ្ទុយនឹងប្រការ៨ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងពុំបានបំពេញភារកិច្ចតាមការកំណត់ ក្នុងបទប្បញ្ញាតិមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងបានធ្វើសកម្មភាពខុសច្បាប់ និងធ្វើអោយមានការយល់ច្រឡំ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ។
ដោយអនុលោមតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកសកម្មភាពអង្គការការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេល៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃ ក៏បានតម្រូវអោយអង្គការមួយនេះ ធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីព័ត៌មានរាល់គណនី និងអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល ព្រមទាំងត្រូវផ្តល់របាយការណ៍សរុបសកម្មភាព ការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៧-២០១៨ និង២០១៩ ជូនមកក្រសួងមហាផ្ទៃ រយៈពេលយូរបំផុត៣០ថ្ងៃ នៃថ្ងៃធ្វើការ ។ បើក្នុងករណីមិនអនុវត្តន៍តាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!