ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង៨ម៉ឺននាក់ មិនអោយត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ក្រសួងមហាផ្ទៃ ហាមឃាត់ពលករខ្មែរប្រមាណជាង៨ម៉ឺននាក់ មិនអោយត្រឡប់ទៅក្រៅប្រទេសវិញ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ពលករខ្មែរចំណាកស្រុកដែលត្រឡប់មកស្រុកខ្មែរវិញ នាពេលកន្លងទៅនេះ មានប្រមាណជាង ៨ម៉ឺននាក់ គឺមិនទាន់រកឃើញមានឆ្លងជំងឺ កូវីដ-១៩ នៅឡើយទេ ហើយក្នុងស្ថានភាពនេះដែរ ក្រសួងមហាផ្ទៃក៏បានហាមឃាត់ពលករទាំងនោះមិនអោយវិលត្រឡប់ទៅក្រៅប្រទេសវិញ ផងដែរ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់ថា ការហាមឃាត់មិនពលករត្រឡប់ទៅក្រៅប្រទេសវិញ គឺដោយសារប្រទេសគោលដៅនោះ បច្ចុប្បន្ននេះ កំពុងមានអត្រាឆ្លងខ្ពស់ជាងប្រទេសកម្ពុជា ទៅទៀត ដូច្នេះប្រសិនបើពួកគាត់វិលត្រឡប់ទៅពេលនេះ គឺជួបនឹងហានិភ័យខ្ពស់ មួយវិញទៀតខាងប្រទេសគេ ក៏រឹតបន្ដឹង ផងដែរ អំពីការឆ្លងកាត់ព្រំដែន ។
លោកស្រីរដ្ឋលេខាធិការរូបនេះ បន្តថា ក្នុងករណីរកឃើញថា មានពលករណាម្នាក់មានអាការៈខុសពីធម្មតា នោះពួកគាត់ ត្រូវស្ថិតក្រោមការតាមដានបន្ដអត់ទាន់បញ្ជូនគាត់ចេញមកទេ ។ តែយ៉ាងណាក្ដី លោកស្រី គូសបញ្ជាក់ដែរថា នៅក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល គឺមានពលករជាង ៤០០នាក់ ដែលបានសង្ស័យ ហើយយកសំណាកទៅពិនិត្យ ប៉ុន្ដែមកដល់ពេលនេះ ការចេញលទ្ធផលជាបន្ដបន្ទាប់ ដូចជាមិនទាន់រកឃើញថា មានអ្នកដែលឆ្លងមេរោគខូវីដ-១៩ នៅឡើយទេ ។
ឆ្លៀតឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង ក៏បានអំពាវនាវ និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួន ជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជាកំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺខូវីដ-១៩ នេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!