អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចាត់ទុក ការរិះគន់របស់មជ្ឍដ្ឋានមួយចំនួន លើច្បាប់ដាក់ប្រទេសក្នុងភាពអាសន្ន ជាការរិះគន់ ដែលមានស្តង់ដារពីរ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បង្ហាញ ហេតុផល ៤ យ៉ាង ដែលនឹងត្រូវដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន ខណៈលោក ចាត់ទុក ការរិះគន់របស់មជ្ឍដ្ឋានមួយចំនួន ជាការរិះគន់ ដែលមានស្តង់ដារពីរ ដែលជាការរិះគន់បែបអយុត្តិធម៌សម្រាប់កម្ពុជា ហើយជាការរិះគន់ដែលមានចរិតនយោបាយ ។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអោយដឹងថា មានមូលហេតុ និងស្ថានភាពចំនួន៤ ដែលនឹងត្រូវដាក់ប្រទេសស្ថិតក្នុងភាពមានអាសន្ន ។មូលហេតុ និងស្ថានភាពទាំង៤នោះរួមមាន៖
១. គ្រោះថ្នាក់ដែលកើតឡើងចេញពីសង្គ្រាម និងការឈ្លានពានពីបរទេស
២. គ្រោះថ្នាក់ដែលប៉ះពាល់សន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ
៣. គ្រោះថ្នាក់ដែលប៉ះពាល់ដល់អាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ
៤. គ្រោះថ្នាក់ដែលកើតពីគ្រោះមហន្ដរាយធ្ងន់ធ្ងរ ដែលរីករាលដាលទូទាំងប្រទេស ។
ក្រៅពីហេតុផលទាំង៤ខាងលើ លោក ជិន ម៉ាលីន លើកឡើងថា ច្បាប់នេះ ក៏បើកផ្លូវអោយពិនិត្យលើហេតុផលផ្សេងមួយចំនួនទៀត ដើម្បីដាក់ប្រទេសស្ថិតក្នុងភាពមានអាសន្ន ផងដែរ ក្នុងករណីមានគ្រោះអាសន្ន ឬចាំបាច់ណាមួយ ។ សំឡេង ៖
ជាមួយនឹងការរិះគន់មកលើកម្ពុជា ពាក់ព័ន្ធនឹងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានចាត់ទុកថា គឺជាការរិះគន់ ដែលមានស្តង់ដារពីរ ដែលជាការរិះគន់បែបអយុត្តិធម៌សម្រាប់កម្ពុជា ហើយជាការរិះគន់ដែលមានចរិតនយោបាយ ដោយលោក បានអះអាងថា ប្រទេសគេមានច្បាប់នេះ ដើម្បីការពារពលរដ្ឋរបស់គេ ហេតុអ្វីកម្ពុជាមិនអាចមានច្បាប់នេះ ដើម្បីការពារពលរដ្ឋរបស់ខ្លួន ។
ការឆ្លើយតបរបស់លោក ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីប្រទេសលោកខាងលិចមួយចំនួន បានរិះគន់មកកម្ពុជាថា ការបង្កើតអោយមានច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» នឹងនាំអោយមានការរំលោភសិទ្ធិឯកជន រឹតត្បិតការបញ្ចេញមតិដោយសេរី និងដាក់ជាបទព្រហ្មទណ្ឌចំពោះការជួបប្រជុំដោយសន្តិវិធី ជាដើម ។
លោក ជិន ម៉ាលីន សង្កត់ធ្ងន់ថា ប្រទេសលោកខាងលិចមួយចំនួន ដែលជួបនឹងវិបត្តិកូវីដ១៩ បាននិងកំពុងដាក់វិធានការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋយ៉ាងខ្លាំង ហើយជាពិសេសនោះ ប្រទេសដែលមានច្បាប់នេះ បានប្រកាសដាក់ប្រទេសពួកគេស្ថិតនៅក្នុងភាពអាសន្នផងដែរ ។ បែរជាមករិះគន់កម្ពុជា ខណៈដែលកម្ពុជាត្រៀមបង្កើតច្បាប់មួយ ដែលមានវិធានការស្រាល សម្រាប់ការពារអាយុជីវិតពលរដ្ឋទៅវិញ ។សំឡេង ៖
សម្រាប់ការរៀបចំច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» របស់កម្ពុជា លោក ជិន ម៉ាលីនបានបញ្ជាក់ថា បានអនុលោម និងស្របទៅតាមបទដ្ឋានគតិយុត្តអន្តរជាតិលើពិភពលោក ដែលជាមូលដ្ឋានគ្រឹះនៃការគោរពសិទ្ធិមនុស្ស។ ច្បាប់នេះ បានគោរពតាមសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សអន្តរជាតិ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយផងដែរ។
គួរកត់សម្គាល់ដែរថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ដែលជាច្បាប់ថ្មី មួយនៅកម្ពុជាទើបតាក់តែងឡើងនោះ បានឆ្លងផុតដៃរដ្ឋសភា និងព្រឹទ្ធសភា ហើយបានចូលដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ។ មិនយូរទៀតនោះទេ ច្បាប់នេះអាចនឹងចូលជាធរមាន បន្ទាប់ពីព្រះមហាក្សត្រឡាយព្រះហស្ថលេខា ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» របស់កម្ពុជា នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព របស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញ ក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិ ក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!