អភិបាលខេត្តកណ្ដាល ប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងមន្ទីរកសិកម្ម ខេត្តកណ្ដាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសមព័ន្ធមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ចំនួន ៦រូប។
ថ្លែងក្នុងពិធីនេះ លោក គង់ សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទ ក្នុងស្មារតីទទួលខុសត្រូវ និងបានអនុវត្តន៍យ៉ាងត្រឹមត្រូវនូវរាល់គោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់ខេត្តដែលបានដាក់ចេញ ដែលធ្វើអោយវិស័យកសិកម្មក្នុងខេត្តកណ្តាល មានការអភិវឌ្ឍ រីកចម្រើន គួរជាទីមោទនៈក្នុងពេលបច្ចុប្បន្ន។
លោកអភិបាលរូបនេះ បានបញ្ជាក់ថា មន្ត្រីទាំង៦រូប ដែលទទួលការតែងតាំងថ្មីនៅពេលនេះ គឺជាលទ្ធផលដែល កើតឡើងចេញពីការខិតខំប្រឹងប្រែងបំពេញនូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងគោរពនូវលក្ខណៈសម្បត្តិទាំងបួនរបស់មន្ត្រីរាជការស៊ីវិល គឺឆន្ទះម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ របស់ លោក លោកស្រី ដែលត្រូវបានថ្នាក់ដឹកនាំមើលឃើញនឹងសម្រេចធ្វើការដំឡើងឋានន្តរសក្កិជូន។
លោកអភិបាលខេត្ត បានក្រើនរំលឹក ដល់មន្ត្រីរាជការ ដែលទើបទទួលបានការតែងតាំងថ្មីត្រូវបន្តគោរពអោយបាននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។ ជាមួយគ្នានេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ចេះសហការគ្នាក្នុងពេលបំពេញការងារ ដើម្បីសម្រេចបាននូវលទ្ធផលការងារជូនអង្គភាពរបស់ខ្លួន ជូនរដ្ឋបាលខេត្ត និងប្រជាជន ។
បន្ថែមពីនោះ លោកជម្រុញអោយ មន្ត្រីរាជការត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង ៥ របស់ប្រមុខរាជរដ្ឋាភិបាល គឺ ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល វះកាត់ ។
សូមជម្រាបជូនថា មន្ត្រីរាជការដែលទើបតែងតាំងថ្មីទាំង៦រូបនោះ រួមមាន ៖ ១.លោក វិត ធារិទ្ធ ត្រូវបានតែងតាំង ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាល ២.លោក ហេង សុភារិទ្ធិ ត្រូវបានតែងតាំង ជានាយខណ្ឌជលផលកណ្តាល ៣. លោកស្រី សាត គន្ធា ត្រូវបានតែងតាំងជា ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម ៤.លោក រី វិភាវី ត្រូវបានតែងតាំង ជាអនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ៥. លោក សុក សឿង ត្រូវបានប្រគល់ភារកិច្ច ជាអនុប្រធានការិយាល័យគ្រឿងយន្ត កសិកម្ម ៦. លោក កាយ វណ្ណារ៉ា ត្រូវបានប្រគល់ភារកិច្ច ជាអនុប្រធានការិយាល័យក្សេត្យសាស្ត្រ និងផលិតភាពកសិកម្ម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!