ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្រោមវត្តមានរបស់លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ថ្នាក់ដឹកនាំ ក្រុមការងារនៃធនាគារជាតិនៃកម្ពុជា ស្ថាប័នអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។
លោក ងី ច័ន្រ្ទផល បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ គឺមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មថ្មី។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ គឺត្រូវបានរៀបចំតាក់តែងបង្កើតថ្មីឡើងវិញទាំងស្រុង យោងតាមសេចក្តីសម្រេចរបស់អង្គប្រជុំអន្តរក្រសួង ស្តីពីសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយក្នុងកិច្ចប្រជុំនោះ អង្គប្រជុំទាំងមូលក៏បានសម្រេចអោយរៀបចំបង្កើតច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះជាថ្មីឡើងវិញ។
លោក ងី ច័ន្ទ្រផល ក៏បានបញ្ជាក់ថា ការរៀបចំតាក់តែងនូវច្បាប់ថ្មីឡើងវិញទាំងស្រុងនេះ គឺដោយស្មារតីអង្គប្រជុំបានយល់ឃើញថា ច្បាប់នេះបានធ្វើវិសោធនកម្មចំនួនពីរដងកន្លងរួចមកហើយ គឺលើកទី១ នៅឆ្នាំ២០០៧ និងលើកទី២ នៅឆ្នាំ២០១៣ ដូច្នេះនៅលើកទី៣នេះ ដើម្បីមានភាពងាយស្រួលក្នុងការអនុវត្តមិនអោយមានភាពស្មុគស្មាញច្រើន គឺត្រូវតែរៀបចំបង្កើតច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មថ្មីឡើងវិញទាំងស្រុង។
សូមជម្រាបថា ច្បាប់នេះមានគោលបំណងដាក់ចេញនូវវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងការរៀបចំចាត់ចែង និងត្រួតពិនិត្យ ការប្រតិបត្តិវិធានការទាំងនោះ។ ជាងនេះទៀត ច្បាប់នេះ និងបទប្បញ្ញត្តិផ្សេងទៀតសម្រាប់ប្រតិបត្តិច្បាប់នេះ ត្រូវអនុវត្តន៍ទប់ស្កាត់ និងត្រួតពិនិត្យការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!