ប្រធានរដ្ឋសភា អំពាវនាវអោយពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីជំងឺខូវីដ ១៩
លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីជំងឺខូវីដ ១៩ បើទោះបីជាងមួយសប្ដាហ៍នេះ កម្ពុជាពុំមានករណីឆ្លងជំងឺខូវីដ ១៩ ថ្មី យ៉ាងណាក្ដី ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោក ហេង សំរិន នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ បានសរសេរយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិបន្តប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការការពារខ្លួនពីជំងឺខូវីដ ១៩
ទោះបីជាងមួយសប្តាហ៍មកហើយ ដែលប្រទេសយើងពុំមានករណីឆ្លងជំងឺខូវីដ១៩ថ្មី ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែស និងភ្លេចខ្លួនពីការការពារពីជំងឺនេះ នោះទេ » ។
លោក ហេង សំរិន បានអំពាវនាវ សូមបងប្អូន កូនក្មួយទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការការពារខ្លួន កុំអោយជំងឺនេះឆ្លងមកលើខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើងទៀតដោយលោក ជម្រុញអោយបងប្អូនអនុវត្តអោយខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវធ្វើអនាម័យខ្លួនប្រាណជាប្រចំា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ហើយពេលធ្វើដំណើរត្រូវពាក់ម៉ាស់ និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើននោះឡើយ។ ករណីបើដឹងថាខ្លួនមកពីកន្លែងដែលមានការឆ្លងរីករាលដាលជំងឺនេះ ឬបានប៉ះពាល់អ្នកជំងឺនោះ សូមរក្សាខ្លួនដាច់ពីគេរយៈពេល១៤ថ្ងៃ និងបើមានបញ្ហាអ្វីមិនស្រួលសូមទាក់ទងជាបន្ទាន់ទៅកាន់លេខ១១៥ ។
ឆ្លៀតឱកាសនេះ ប្រធានរដ្ឋសភារូបនេះ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធជំងឺខូវីដ១៩ និងបានចុះអប់រំ ផ្សព្វផ្សាយ ចែកម៉ាស់ អាល់កុល និងសម្ភារៈមួយចំនួនទៀត ដល់ពលរដ្ឋអោយបានយល់ដឹង និងមានមធ្យោបាយការពារពីជំងឺនេះ។
ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការនានាប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះទាន់ពេលវេលា។
សូមជនរួមជាតិទាំងអស់ទទួលបាននូវសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងសូមអោយជំងឺដែលគ្មានថ្នាំព្យាបាលនេះទៅអោយឆ្ងាយពីប្រជាពលរដ្ឋយើងគ្រប់ៗគ្នា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!